ពួកតាលីបង់ដណ្តើមបានរដ្ឋធានីមួយក្នុងខេត្ត Kunduz ប្រទេសអាហ្វហ្គានីស្ថាន

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ០៦ ខែ ឧសភា ឆ្នាំ២០១៧

ក្រុមប្រយុទ្ធតាលីបង់ដណ្តើមកាន់កាប់បានតំបន់មួយក្បែររដ្ឋធានីភាគខាងជើងខេត្ត Kunduz បន្ទាប់ពីមានការប៉ះទង្គិចគ្នាបានមួយថ្ងៃ។ ការដណ្តើមបានស្រុកមួយនេះគឺជាជ័យជំនះចុងក្រោយបំផុតនៃការវាយលុករបស់ចលនាពួកសកម្មប្រយុទ្ធនៅក្នុងនិទាឃរដូវនេះ។ ក្រុមប្រយុទ្ធតាលីបង់ដែលគេរាយការណ៍ថាបានកាន់កាប់ស្រុក Qalay-i-Zal ក្នុងខេត្ត Kunduz កាលពីព្រឹកថ្ងៃសុក្រប្រកាសនៅថ្ងៃសៅរ៍នេះថាពួកគេដណ្តើមយកបានទីស្នាក់ការកណ្តាលប៉ូលិសក្នុងតំបន់ ប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខទាំងអស់ និងបរិវេណនៃទេសាភិបាល។ មន្ត្រីប៉ូលិស និងទាហានរបស់អាហ្វហ្គានីស្ថានជាច្រើនរូបស្លាប់ និងរងរបួសនៅក្នុងការប្រយុទ្ធគ្នានេះ។ លោក Mahfouz Akbari អ្នកនាំពាក្យមន្ត្រីប៉ូលិសក្នុងតំបន់និយាយថា កងកម្លាំងសន្តិសុខជាច្រើនចាកចេញពីស្រុក Qalay-i-Zal ដើម្បីគេចផុតពីសេចក្តីស្លាប់។ គួរបញ្ជាក់ផងដែរថាខេត្ត Kunduz ក្លាយជាគោលដៅសម្រាប់ការវាយឆ្មក់របស់ពួកតាលីបង់។ គួររំលឹកផងដែរក្រុមតាលីបង់កាន់កាប់ខេត្តក្បែររដ្ឋធានីនេះ២ដងរួចមកហើយក្នុងរយៈពេល១៨ខែចុងក្រោយនេះ។ យោងតាមការប៉ាន់ស្មានរបស់សហរដ្ឋអាមេរិក រដ្ឋាភិបាលអាហ្វហ្គានីស្ថានក្នុងទីក្រុងកាប៊ុលអាចគ្រប់គ្រងបានត្រឹមតែប្រមាណជា៦០%ប៉ុណ្ណោះនៃផ្ទៃដីទាំងអស់ក្នុងប្រទេសនេះ។ សម្រាប់ផ្ទៃដីផ្សេងទៀតដែលនៅសល់គឺគ្រប់គ្រងដោយស្តេចត្រាញ់ និងក្រុមសកម្មប្រយុទ្ធឯករាជ្យ។ អគ្គមេបញ្ជាការលោក John Nicholson និយាយកាលពីដើមខែនេះថាលោកត្រូវការកងកម្លាំងទាហានជាច្រើនពាន់នាក់បន្ថែមទៀតដើម្បីបណ្តុះបណ្តាលឲ្យក្លាយជាកងទ័ពអាហ្វហ្គានីស្ថានដើម្បីជំនួសកងទ័ពដែលស្លាប់។ ក្នុងពេលបច្ចុប្បន្ននេះមានកងកម្លាំងយោធារបស់អង្គការណាតូចំនួន១៣,០០០នាក់សម្រាប់បំពេញបេសកកម្មនៅអាហ្វហ្គានីស្ថានដែលក្នុងនោះរួមមានកងកម្លាំងទាហានសហរដ្ឋអាមេរិកចំនួន៨,៤០០នាក់ផងដែរ។ រដ្ឋាភិបាលអាហ្វហ្គានីស្ថានរាយការណ៍ថាទាហានស្លាប់មានចំនួនប្រមាណជា១,០០០នាក់ចាប់ពីខែមករាដែលក្នុងនោះទាហាន១៤០នាក់ស្លាប់នៅក្នុងការវាយប្រហារទៅលើមូលដ្ឋានកងទ័ពស្ថិតនៅភាគខាងជើងប្រទេសអាហ្វហ្គានីស្ថាននៅក្នុងខែមេសា ហើយទង្វើរនេះគឺជាការវាយឆ្មក់បង្ហូរឈាមដ៏សាហាវបំផុតនៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here