ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ០៧ ខែ ឧសភា ឆ្នាំ២០១៧
ក្រុមរដ្ឋអ៊ីស្លាមបានដឹកនាំវាយប្រហារដោយការបំផ្ទុះគ្រាប់បែកអត្តឃាតមួយទៅលើមូលដ្ឋានទីប្រឹក្សាយោធាអាមេរិកនៅខេត្ត Kirkuk ប្រទេសអ៊ីរ៉ាក់កាលពីព្រឹកថ្ងៃអាទិត្យនេះ។ តាមសេចក្តីរាយការណ៍ដំបូងបានឲ្យដឹងថាយ៉ាងហោចណាស់មានមនុស្ស២នាក់ស្លាប់ និង៦នាក់ទៀតរងរបួស។ មូលដ្ឋានយោធា K1 នេះមានទីតាំងនៅជិតទីក្រុង Hawija ដែលគ្រប់គ្រងដោយក្រុមរដ្ឋអ៊ីស្លាម (IS អតីតក្រុម ISIS/ISIL) ចាប់តាំងពីឆ្នាំ២០១៤។ ហេតុការណ៍នេះកើតឡើងនៅម៉ោងប្រមាណជា២:៤៥នាទីព្រឹកម៉ោងនៅក្នុងស្រុក។ អ្នកបំផ្ទុះគ្រាប់បែកអត្តឃាត៣នាក់ត្រូវបាញ់សម្លាប់ដោយពួកយុទ្ធជនប្រយុទ្ធអម្បូរឃើដក្នុងពេលប្រយុទ្ធគ្នារយៈពេល២ម៉ោងខណៈដែល២នាក់ទៀតរៀបចំបំផ្ទុះអាវកាក់របស់ខ្លួននៅក្នុងជំរំ។ អ្នកដែលស្លាប់ និងរងរបួសទាំងអស់គឺជាកងទ័ពឃើដ។ ទីបញ្ជាការកណ្តាលអាមេរិកបញ្ជាក់ប្រាប់ TASS ថាការវាយប្រហារទៅលើមូលដ្ឋាន K1 នេះជាការបរាជ័យដោយកត់សម្គាល់ឃើញថាពុំមានមេដឹកនាំអាមេរិក និងក្រុមយោធាចម្រុះស្លាប់ឬរបួសនោះទេ៕