ប្រភពព័ត៌មានពី USA TODAY ចេញផ្សាយថ្ងៃទី ០៩ ខែ ឧសភា ឆ្នាំ២០១៧
ទូរទស្សន៍រដ្ឋអ៊ីរ៉ង់និយាយថាក្រុមអ្នករុករកបានរកឃើញសាកសព៧សាកសពបន្ថែមទៀតនៅកន្លែងផ្ទុះអណ្តូងរ៉ែធ្យូងថ្មមួយកាលពីសប្តាហ៍មុនដែលធ្វើឲ្យចំនួនអ្នកស្លាប់ក្នុងហេតុការណ៍ផ្ទុះអណ្តូងរ៉ែនេះកើនឡើងរហូតដល់ទៅ៤២នាក់។ របាយការណ៍កាលពីថ្ងៃអង្គារនេះបានដកស្រង់សម្តីរបស់លោក Reza Morovati ដែលជាមន្ត្រីរដ្ឋាភិបាលក្នុងខេត្ត Golestan ថាសាកសពត្រូវបានគេយកទៅកន្លែងអ្នកជំនាញដើម្បីធ្វើកោសល្យវិច្ច័យដើម្បីកំណត់អត្តសញ្ញាណ។ គាត់បានឲ្យដឹងទៀតថាអាចនឹងមានកម្មករអណ្តូងរ៉ែម្នាក់ទៀតជាប់នៅក្នុងអណ្តូងរ៉ែធ្យូងថ្មនេះដែរ។ គួរបញ្ជាក់ថាកាលពីថ្ងៃពុធសប្តាហ៍មុននេះអណ្តូងរ៉ែ Zemestanyurt ដែលស្ថិតនៅភាគខាងជើងនៃខេត្ត Golestan តាមបណ្តោយសមុទ្រ Caspian ជាប់ព្រំដែនប្រទេស Turkmenistan ដែលមានកម្មករបម្រើការប្រមាណជា៥០០នាក់បានផ្ទុះឡើងបណ្តាលមកពីមានចំនួនឧស្ម័នមេតានយ៉ាងច្រើនស្ថិតនៅក្នុងអណ្តូងរ៉ែនេះ៕