ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ២០១៧
ក្រសួងការបរទេសអាមេរិកចេញសេចក្តីព្រមានទៅកាន់ពលរដ្ឋអាមេរិកនៅថ្ងៃអង្គារប្រឆាំងទៅនឹងការធ្វើដំណើរទៅកាន់កូរ៉េខាងជើងបន្ទាប់ពីមានការចាប់ខ្លួនពលរដ្ឋអាមេរិកម្នាក់ទៀតជាលើកទី៤ ហើយព្រមានទៀតថានឹងមានការឃុំខ្លួនរយៈពេលវែង និងហានិភ័យអាក្រក់ជាច្រើនទៀត។ ទីភ្នាក់ងារ KCNA ផ្លូវការនិយាយថា “លោក Kim Hak-Song ត្រូវចាប់ខ្លួននៅថ្ងៃចុងសប្តាហ៍នេះ ហើយលោកជាបុគ្គលិកនៅសាកលវិទ្យាល័យក្រុងព្យុងយ៉ាងផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា (PUST)”។ ការចាប់ខ្លួនពលរដ្ឋអាមេរិកនៅកូរ៉េខាងជើងគឺជាលើកទី៤ហើយ។ ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងព្យុងយ៉ាងនៅតែមានជម្លោះជាមួយគ្នាពាក់ព័ន្ធជាមួយនឹងមហិច្ឆិតានុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង។ បន្ទាប់ពីផ្សព្វផ្សាយការព្រមានទៅដល់ពលរដ្ឋអាមេរិក ក្រសួងការបរទេសអាមេរិកបានធ្វើសេចក្តីថ្លែងការណ៍លម្អិតបន្ថែមអំពីផលវិបាកនៃការធ្វើដំណើរទៅកូរ៉េខាងជើង។ ក្នុងសេចក្តីព្រមាននេះនិយាយថា “ក្រសួងការបរទេសព្រមានយ៉ាងតឹងរ៉ឹងចំពោះពលរដ្ឋអាមេរិកកុំឲ្យធ្វើដំណើរទៅកាន់កូរ៉េខាងជើង។ ពលរដ្ឋអាមេរិកនៅក្នុងប្រទេសកូរ៉េខាងជើងស្ថិតនៅក្នុងហានិភ័យធ្ងន់ធ្ងរនៃការចាប់ខ្លួន និងការឃុំខ្លួនរយៈពេលវែងនៅក្រោមប្រព័ន្ធគ្រប់គ្រងរបស់កូរ៉េខាងជើង។ ប្រព័ន្ធនេះអនុវត្តទៅលើការកាត់ទោសអាក្រក់ហួសហេតុចំពោះសកម្មភាពជាច្រើនដែលមិនចាត់ទុកថាជាឧក្រិដ្ឋកម្មអ្វីនោះទេនៅក្នុងសហរដ្ឋអាមេរិក”។ គួរបញ្ជាក់ផងដែរថាទីក្រុងព្យុងយ៉ាងធ្វើតេស្តនុយក្លេអ៊ែរចំនួន២លើក និងបាញ់គ្រាប់មីស៊ីលរាប់សិបគ្រាប់ទៀតកាលពីដើមឆ្នាំនេះ ហើយកូរ៉េខាងជើងក៏កំពុងកសាងគ្រាប់រ៉ូកែតដែលអាចបាញ់ទៅកាន់ដីគោករបស់សហរដ្ឋអាមេរិកផងដែរ៕