ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ២០១៧
ឆ្អឹងជាច្រើនដែលគេសង្ស័យថាជាឆ្អឹងមនុស្សរកឃើញនៅថ្ងៃពុធនេះលើនាវា Sewol របស់កូរ៉េខាងត្បូង។ នាវាទម្ងន់៦,៨០០តោនលិចនៅឆ្នេរសមុទ្រភាគនិរតីប្រទេសកូរ៉េខាងត្បូងកាលពី៣ឆ្នាំមុន។ នៅលើនាវានេះមានមនុស្សប្រមាណជា៣០០នាក់ដែលភាគច្រើនជានិស្សិតធ្វើដំណើរកម្សាន្ត។ នេះគឺជាគ្រោះមហន្តរាយនៅលើសមុទ្រដ៏អាក្រក់បំផុតដែលមិនធ្លាប់មានពីមុនមកដែលសាកសពជនរងគ្រោះ៩នាក់នៅមិនទាន់រកឃើញនោះទេ។ ឆ្អឹងចំនួន២រកឃើញនៅថ្ងៃពុធនេះនៅកន្លែងកាប៊ីនអ្នកធ្វើដំណើរនៅជាន់ទី៤នេះបើតាមការបញ្ជាក់របស់ក្រសួងដែនសមុទ្រ។ តាមការធ្វើកោសល្យវិច្ច័យឆ្អឹងទាំងនេះគឺជាឆ្អឹងមនុស្សពិតមែន ហើយគេបញ្ជូនវាទៅកាន់សេវាកោសល្យវិច្ច័យជាតិដើម្បីធ្វើតេស្ត DNA។ កាលពីសប្តាហ៍មុននេះអ្នកមុជទឹករកឃើញនាវានេះ និងបំណែកឆ្អឹងដែលគេជឿជាក់ថាជាឆ្អឹងមនុស្ស។ ប៉ុន្តែតាមរយៈការធ្វើ DNA បញ្ជាក់ថាឆ្អឹងទាំងនេះគឺជាឆ្អឹងសត្វជ្រូកដែលជាភាពអាម៉ាស់របស់ក្រសួងនេះ។ យ៉ាងណាមិញការស៊ើបអង្កេតសន្និដ្ឋានថាគ្រោះមហន្តរាយនេះគឺជាលទ្ធផលនៃការប្រព្រឹត្តិខុសច្បាប់ដោយការដឹកទំនិញលើសទម្ងន់ ហើយនាវិកនេះគ្មានបទពិសោធន៍៕