ប្រទេសចិននិយាយថាខ្លួនបាញ់មីស៊ីលសាកល្បងជាថ្មីនៅសមុទ្រភាគឦសាន

0

ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ២០១៧

ក្រសួងការពារជាតិបញ្ជាក់នៅថ្ងៃអង្គារនេះថាថ្មីៗនេះប្រទេសចិនបាញ់សាកល្បងគ្រាប់មីស៊ីលជាថ្មីនៅក្នុងសមុទ្រភាគឦសានជិតឧបទ្វីបកូរ៉េនៅប៉ុន្មានម៉ោងក្រោយពីការបោះឆ្នោតនៅកូរ៉េខាងត្បូងខណៈដែលមានភាពតានតឹងក្នុងតំបន់។ ក្នុងសេចក្តីថ្លែងការណ៍សង្ខេបរបស់ក្រសួងការពារជាតិបង្ហាញថាការបាញ់សាកល្បងនៅក្នុងសមុទ្រ Bohai Sea នេះគឺដើម្បីបង្កើនសមត្ថភាពប្រតិបត្តិការរបស់កងកម្លាំងប្រដាប់អាវុធ និងប្រសិទ្ធិភាពនៃការឆ្លើយតបទៅនឹងការគំរាមកំហែងដល់សន្តិសុខជាតិ។ ក្នុងសេចក្តីថ្លែងការណ៍នេះមិននិយាយអំពីទីតាំងជាក់លាក់នៃការបាញ់មីស៊ីលទេគ្រាន់តែដឹងថាវាកើតឡើងថ្មីៗ ហើយប្រភេទគ្រាប់មីស៊ីលនេះក៏មិនបញ្ជាក់ព័ត៌មានលម្អិតដែរ។ សេចក្តីប្រកាសធ្វើឡើងបន្ទាប់ពីលោក Moon Jae-In ត្រូវជ្រើសរើសជាប្រធានាធិបតីថ្មីរបស់កូរ៉េខាងត្បូងជំនួសមេដឹកនាំចាស់ដែលមានរឿងអាស្រូវជាច្រើន។ កងកម្លាំយោធាសហរដ្ឋអាមេរិកក៏តម្លើងប្រព័ន្ធការពារគ្រាប់មីស៊ីលនៅក្នុងកូរ៉េខាងត្បូងផងដែរដើម្បីរារាំងកូរ៉េខាងជើង ប៉ុន្តែចិនមើលឃើញថាការដាក់ពង្រាយនេះគឺជាការគំរាមកំហែងទៅដល់សន្តិសុខតុល្យភាពក្នុងតំបន់ និងសមត្ថភាពនៃគ្រាប់មីស៊ីលរបស់ខ្លួន។ ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូលយល់ព្រមគ្នាក្នុងការដាក់ពង្រាយប្រព័ន្ធការពារគ្រាប់មីស៊ីល Terminal High Altitude Area Defence (THAAD) ក្នុងខែកក្កដាបន្ទាប់ពីបាញ់សាកល្បងគ្រាប់មីស៊ីលរបស់កូរ៉េខាងជើង។ គួរបញ្ជាក់ផងដែរថាកាលពីសប្តាហ៍មុនកងកម្លាំងអាមេរិកនិយាយថាប្រព័ន្ធពេលនេះ THAAD មានសមត្ថភាពក្នុងការស្ទាក់ចាប់គ្រាប់មីស៊ីលរបស់កូរ៉េខាងជើងខណៈដែលទីក្រុងប៉េកាំងទាមទារឲ្យផ្អាកជាបន្ទាន់ចំពោះការដាក់ពង្រាយប្រព័ន្ធនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here