ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី១៥ ខែ ឧសភា ឆ្នាំ២០១៧
យោងតាមមេបញ្ជាការយោធាជាន់ខ្ពស់បានឲ្យដឹងថាកងទ័ព និងប៉ូលិសបានសម្លាប់អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតរដ្ឋអ៊ីស្លាមនៅភាគខាងលិចក្នុងខេត្ត Anbar ៤នាក់កាលពីថ្ងៃច័ន្ទនេះ។ សារព័ត៌មាន Alsumaria បានដកស្រង់សម្តីលោក Qassem Al-Mohammadi មេបញ្ជាការប្រតិបត្ដិការ al-Jazeera បានឲ្យដឹងថាអ្នកបំផ្ទុះគ្រាប់បែកបានលួចចូលទៅក្នុងក្រុង Haditha ដែលនៅភាគខាងលិចខេត្ត Anbar ប៉ុន្តែពួកគេត្រូវបានសម្លាប់ដោយកងកម្លាំងសន្តិសុខ និងពួកយុទ្ធជនកុលសម្ព័ន្ធ។ ចំណែកឯសារព័ត៌មាន AFP បានដកស្រង់សម្តីលោក Khaled Salman អភិបាលក្រុង Haditha ដោយនិយាយថាអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតមានគ្នា៣នាក់បានជាប់នៅខាងក្នុងផ្ទះមួយ ហើយត្រូវកងកម្លាំងសន្ដិសុខសម្លាប់ ខណៈអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតទី៤បានបំផ្ទុះគ្រាប់ខ្លួនឯងបណ្តាលយឲ្យស្លាប់សមាជិកសន្តិសុខ២នាក់។ គួរបញ្ជាក់ថាពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមបានគ្រប់គ្រងភាគខាងលិចរបស់ខេត្ត Anbar នៃទីក្រុង Annah ទីក្រុង Qaim និងទីក្រុង Rawa ចាប់តាំងពីឆ្នាំ២០១៤មកម្លេះ។ យន្តហោះចម្បាំងរបស់កងទ័ពអ៊ីរ៉ាក់ និងសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកដែលដឹកនាំដោយក្រុមចម្រុះបានវាយប្រហារជាទៀងទាត់ទៅលើទីតាំងនៅក្នុងខេត្ត Anbar នេះ។ មន្ត្រីក្នុងតំបន់ជឿថាក្រុមរដ្ឋអ៊ីស្លាមចាប់ជនស៊ីវិលរាប់ពាន់នាក់នៅភាគខាងលិចបន្ទាយរបស់ពួកគេដើម្បីធ្វើជាខែលប្រឆាំងនឹងការវាយលុករបស់កងសន្តិសុខនាពេលអនាគត។ ពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមបានបង្កើនការវាយប្រហារប្រឆាំងនឹងកងទ័ព និងកងកម្លាំងទាហានប៉ារ៉ានៅក្នុងខេត្តក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ដែលបណ្តាលឲ្យមនុស្សជាច្រើនបានស្លាប់៕