ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ២០១៧
ក្នុងដំណើរទស្សនៈកិច្ចនៅក្នុងប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃទី១៩ នេះ ប្រធានាធិបតីប្រទេសចិនលោក Xi Jinping ប្រាប់ថាលោកមានឆន្ទៈក្នុងការផ្ជាប់ទំនាក់ទំនងជាមួយនឹងប្រទេសកូរ៉េខាងត្បូងវិញក្រោយពេលដែលជួបបញ្ហាដោយសារតែសហរដ្ឋអាមេរិកពង្រាយប្រព័ន្ធការពារគ្រាប់មីស៊ីលនៅក្នុងប្រទេសកូរ៉េខាងត្បូង។ លោក Xi ប្រាប់ទៅកាន់លោក Lee Hae-chan តំណាងឱ្យប្រធានាធិបតីថ្មីកូរ៉េខាងត្បូងលោក Moon Jae-in ថាដំណើរទស្សនកិច្ចរបស់លោកបង្ហាញអំពីទំនាក់ទំនងដ៏សំខាន់នៃលោក Moon ជាមួយទីក្រុងប៉េកាំង។ លោក Xi និយាយនៅចំពោះមុខអ្នកកាសែតជាច្រើននាក់នៅ Great Hall ថា “ប្រទេសចិនយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងទ្វេរភាគី។ យើងមានឆន្ទៈក្នុងការធ្វើការជាមួយកូរ៉េខាងត្បូងដើម្បីដោះស្រាយជម្លោះ និងរក្សាទំនាក់ទំនងចិន និងកូរ៉េខាងត្បូងឲ្យទៅរកភាពល្អប្រសើរវិញដើម្បីផ្តល់ផលប្រយោជន៍សម្រាប់ប្រជាជនដោយឈរនៅលើមូលដ្ឋាននៃការយោគយល់ និងគោរពគ្នាទៅវិញទៅមក”។ លោក Lee ប្រគល់សំបុត្រសរសេរដោយលោក Moon ទៅកាន់លោក Xi។ លោក Lee និយាយថា “ប្រធានាធិបតី Moon និយាយថាខ្ញុំពិតជាត្រេកអរចំពោះសាររបស់អ្នកជូនពរដល់ខ្ញុំ និងការខលទូរស័ព្ទមកខ្ញុំបន្ទាប់ពីខ្ញុំជាប់ឆ្នោត”។ គួរបញ្ជាក់ផងដែរថាប្រទេសចិនខឹងសម្បារយ៉ាងខ្លាំងបន្ទាប់ពីការដាក់ពង្រាយប្រព័ន្ធការពារគ្រាប់មីស៊ីល Terminal High Altitude Area Defense (THAAD) នៅក្នុងប្រទេសកូរ៉េខាងត្បូងដោយនិយាយថានេះគឺជាការគំរាមកំហែងទៅដល់សុខសុវត្ថិភាពរបស់ខ្លួន ហើយវាមិនអាចធ្វើអ្វីបានដើម្បីបន្ធូរបន្ថយភាពតានតឹងជាមួយទីក្រុងព្យុងយ៉ាងនោះទេ។ គួរបញ្ជាក់ផងដែរថាសហរដ្ឋអាមេរិកបញ្ជូនកងទ័ពចំនួន២,៨៥០០នាក់ទៅកាន់កូរ៉េខាងត្បូងដើម្បីការពារប្រឆាំងទៅនឹងការគំរាមកំហែងរបស់កូរ៉េខាងជើង។ មុនពេលចាកចេញពីទីក្រុងសេអ៊ូលទៅកាន់ទីក្រុងប៉េកាំងវិញលោក Lee ប្រាប់ទៀតថាលោក Moon អាចនឹងជួបលោក Xi នៅដើមខែកក្កដានេះនៅក្នុងកិច្ចប្រជុំកំពូលលើកទី២០ក្នុងប្រទេសអាឡឺម៉ង់ ក្នុងកិច្ចប្រជុំដាច់ដោយឡែកមួយទៀតនឹងធ្វើឡើងនៅក្នុងខែសីហាខាងមុខនេះ៕