សមាជិកក្រុមរដ្ឋអ៊ីស្លាម២០នាក់ស្លាប់បន្ទាប់ពីលួចចូលទៅស្ពានមួយក្នុងទីក្រុងម៉ូស៊ូល

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ២០១៧

កាលពីថ្ងៃអាទិត្យមន្ត្រីម្នាក់ដែលបម្រើការក្នុងប្រតិបត្ដិការសន្ដិសុខបានឲ្យដឹងថាសមាជិកក្រុមរដ្ឋអ៊ីស្លាម២០នាក់ត្រូវបាញ់សម្លាប់ក្នុងការប៉ុនប៉ងធ្វើដំណើរឆ្ពោះទៅកាន់ស្ពានចាស់មួយក្នុងទីក្រុងម៉ូស៊ូល។ លោកឧត្តមសេនីយ៍ Mohamed Jubouri បញ្ជាការប្រតិបត្តិការរួមកងកម្លាំងអ៊ីរ៉ាក់បាននិយាយថាក្រុមសកម្មប្រយុទ្ធ២០នាក់ស្លាប់រួមទាំងមេដឹកនាំជាន់ខ្ពស់សញ្ជាតិអារ៉ាប់ និងសញ្ជាតិលោកខាងលិច។ ពួកគេត្រូវបានកងកម្លាំងសន្តិសុខដែលដាក់ពង្រាយនៅជិតស្ពានចាស់នោះព័ទ្ធជាប់។ គួរបញ្ជាក់ថាកាលពីថ្ងៃសៅរ៍កន្លងមកនេះកងទ័ពអ៊ីរ៉ាក់បានដណ្តើមយកស្រុក Tammuz ដែលជាទីតាំងដ៏ធំរបស់ក្រុមរដ្ឋអ៊ីស្លាមស្ថិតនៅភាគខាងលិចទីក្រុងម៉ូស៊ូល និងជាស្រុកដំបូងដែលក្រុមនេះបានកាន់កាប់ចាប់តាំងពីឆ្នាំ២០១៤។ មជ្ឈមណ្ឌលប្រតិបត្តិការរួមបាននិយាយថាកាលពីសប្តាហ៍មុនពួកគេកាន់កាប់បាន៨៩.៥ភាគរយនៃភាគភាគខាងលិចទីក្រុងម៉ូស៊ូល និងបានសម្លាប់ពួកសកម្មប្រយុទ្ធប្រមាណជា១៦,០០០នាក់ចាប់តាំងពីប្រតិបត្ដិការរបស់ខ្លួនបានចាប់ផ្តើមកាលពីខែតុលាដើម្បីដណ្តើមយកទីក្រុងនេះមកវិញ។ ចំពោះគោលដៅចម្បង និងចុងក្រោយរបស់កងទ័ពអ៊ីរ៉ាក់ក្នុងការដណ្តើមយកមកវិញគឺជាទីក្រុងចាស់ដែលស្ថិតនៅក្នុងសង្កាត់បុរាណមួយដែលមិនអាចឲ្យរថយន្តរបស់កងកម្លាំងសន្តិសុខអ៊ីរ៉ាក់ធ្វើដំណើរបាន ហើយក៏ជាកន្លែងដែលគេជឿថាជនស៊ីវិលរាប់រយរាប់ពាន់នាក់ស្ថិតនៅទីនោះដោយក្រុមជ្រុលនិយមបានប្រើប្រាស់ពួកគេធ្វើជាខែលការពារខ្លួន៕

LEAVE A REPLY

Please enter your comment!
Please enter your name here