ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ២០១៧
ក្រុមគ្រួសារដែលភៀសខ្លួនចំនួន១៦៥,០០០គ្រួសារបានធ្វើមាតុភូមិនិវត្តទៅកាន់ស្រុកកំណើតរបស់ពួកគេវិញនៅក្នុងខេត្ត Anbar នេះបើយោងតាមសេចក្តីរាយការណ៍របស់រដ្ឋាភិបាលអ៊ីរ៉ាក់។ ក្រសួងអន្តោប្រវេសន៍ និងនាយកមន្ទីរចំណាកស្រុកក្នុងខេត្ត Anbar លោក Mohamed Rasheed ថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទនេះថា ខណៈដែលពលរដ្ឋ១៦៥,០០០គ្រួសារវិលត្រឡប់មកផ្ទះរបស់ពួកគេដែលនៅក្នុងតំបន់មួយក្នុងខេត្ត Anbar វិញតាំងពីពាក់កណ្តាលឆ្នាំ២០១៦ នៅមានពលរដ្ឋប្រមាណជា៣០០,០០គ្រួសារបន្តរស់នៅក្រៅខេត្តរបស់ពួកគេនៅឡើយ។ បើយោងតាមតួលេខរបស់រដ្ឋាភិបាលអ៊ីរ៉ាក់បានបញ្ជាក់ថាសង្រ្គាមប្រឆាំងនឹងពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមក្នុងប្រទេសអ៊ីរ៉ាក់ធ្វើឲ្យប្រជាជនអ៊ីរ៉ាក់ប្រមាណជា៤លាននាក់ផ្លាស់ទីលំនៅចាប់តាំងពីខែមករាឆ្នាំ២០១៤ ចំណែកឯប្រជាជន៦៧០,០០០នាក់ចំណាកស្រុកតាំងពីកងកម្លាំងរដ្ឋាភិបាលអ៊ីរ៉ាក់ដែលគាំទ្រដោយសហរដ្ឋអាមេរិកបានដឹកនាំក្រុមចម្រុះកាលពីខែតុលាវាយលុករុញច្រានពួកក្រុមរដ្ឋអ៊ីស្លាមចេញពីទីក្រុងម៉ូស៊ូលដែលជាបន្ទាយដ៏ធំរបស់ពួកគេក្នុងប្រទេសអ៊ីរ៉ាក់៕