ជនភៀសខ្លួនប្រមាណជា៨,០០០នាក់ធ្វើមាតុភូមិនិវត្តចូលក្នុងខេត្ត Nineveh វិញក្នុងរយៈពេល៣ថ្ងៃ

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ២០១៧

យោងតាមរដ្ឋាភិបាលអ៊ីរ៉ាក់បានឲ្យដឹងថាជនភៀសខ្លួនអ៊ីរ៉ាក់ប្រមាណជា៨,០០០នាក់ធ្វើមាតុភូមិនិវត្តចូលខេត្ត Nineve វិញក្នុងរយៈពេល៣ថ្ងៃបន្ទាប់ពីពួកគេផ្លាស់ទីលំនៅដោយការប្រយុទ្ធគ្នារវាងក្រុមរដ្ឋអ៊ីស្លាម និងកងកម្លាំងអ៊ីរ៉ាក់នៅក្នុងទីក្រុងម៉ូស៊ូល។ លោក Jassem al-Jaff រដ្ឋមន្រ្តីអន្តោប្រវេសន៍ និងចំណាកស្រុកបានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍នេះថាប្រជាជនអ៊ីរ៉ាក់ប្រមាណជា៨,៥៦២នាក់បានធ្វើមាតុភូមិនិវត្តចូលទីក្រុង Mosul និងតំបន់ផ្សេងទៀតនៅក្នុងខេត្ត Ninevech ក្នុងរយៈពេល៣ថ្ងៃនេះ។ អាជ្ញាធរនិយាយកាលពីដើមខែនេះថាមនុស្ស៦៧០,០០០នាក់ចំណាកស្រុកចាប់តាំងពីប្រតិបត្ដិការដែលគាំទ្រដោយសហរដ្ឋអាមេរិកចាប់ផ្តើមដណ្តើមយកទីក្រុងម៉ូស៊ូលកាលពីខែតុលាកន្លងទៅនេះ។ អង្គការសហប្រជាជាតិបានព្យាករថាជម្លោះនេះអាចធ្វើឲ្យជនស៊ីវិលយ៉ាងហោចណាស់១,៥លាននាក់ផ្លាស់ទីលំនៅ។ លោក Yan Kubis តំណាងពិសេសរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសអ៊ីរ៉ាក់បានឱ្យដឹងកាលពីដើមសប្តាហ៍នេះថាយ៉ាងហោចណាស់ជនស៊ីវិលប្រមាណជា២០០,០០០នាក់ប៉ាន់ប្រមាណថាមិនអាចចាកចេញពីតំបន់មួយចំនួនដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមរដ្ឋអ៊ីស្លាមនៅភាគខាងលិចទីក្រុងម៉ូស៊ូល ខណៈដែលជនស៊ីវិលសរុប​១២០,០០០នាក់វិលត្រឡប់ទៅកាន់តំបន់ដែលបានរំដោះនោះវិញ។ រដ្ឋាភិបាលអ៊ីរ៉ាក់និយាយថាការលេចចេញវត្តមានរបស់ក្រុមរដ្ឋអ៊ីស្លាមក្នុងឆ្នាំ២០១៤បានធ្វើឲ្យប្រជាជនអ៊ីរ៉ាក់ប្រមាណជា៤លាននាក់ផ្លាស់ទីលំនៅ។ គួរបញ្ជាក់ថាជនភៀសខ្លួនត្រូវគេរាយការណ៍ថាខ្វះខាតទាំងស្បៀងអាហារ និងគ្រឿងផ្គត់ផ្គង់ផ្នែកពេទ្យនៅជំរំជនភៀសខ្លួន និងនៅតំបន់ដែលកាន់កាប់ដោយក្រុមរដ្ឋអ៊ីស្លាម៕

LEAVE A REPLY

Please enter your comment!
Please enter your name here