ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ២០១៧
អ្នកនាំពាក្យនិយាយថានៅថ្ងៃសុក្រនេះប៉ូលិសឥណ្ឌូនេស៊ីចាប់ខ្លួនជនសង្ស័យ៣នាក់ជាប់ពាក់ព័ន្ធទៅនឹងការវាយប្រហារសម្លាប់ប៉ូលិស៣នាក់នៅស្ថានីយ៍រថភ្លើងក្នុងទីក្រុងហ្សាកាតានៅសប្តាហ៍នេះ។ អ្នកនាំពាក្យប៉ូលិសក្នុងតំបន់ Yusri Yunus និយាយថា “នៅថ្ងៃព្រហស្បតិ៍កងកម្លាំងប្រឆាំងភេរវកម្ម និងប៉ូលិសក្នុងស្រុកចាប់ឃុំខ្លួនបុរស២នាក់នៅក្នុងតំបន់ Bandung លើកោះ Java និងជនសង្ស័យទី៣នៅក្បែរតំបន់ Cimahi ហើយប៉ូលិសកំពុងស្រាវជ្រាវផ្ទះរបស់ពួកគេផងដែរ។ យើងចាប់ខ្លួនមនុស្ស៣នាក់ជាប់សង្ស័យនៅក្នុងការបំផ្ទុះគ្រាប់បែក៣កន្លែងផ្សេងៗគ្នាកាលពីរសៀលថ្ងៃម្សិលមិញនេះ”។ ផ្ទះរបស់ជនសង្ស័យទាំង២នេះស្ថិតនៅតំបន់ជាមួយគ្នាដែលប៉ូលិសវាយឆ្មក់រកឃើញសម្ភារៈបង្រៀនរបស់ក្រុមរដ្ឋអ៊ីស្លាម និងអាវុធផ្ទុះ។ ក្រុមអ្នកវាយប្រហារគ្រាប់បែកទាំងនេះវាយប្រហារទៅលើស្ថានីយ៍រថភ្លើងដ៏មមាញឹកមួយកន្លែងនៅក្នុងរដ្ឋធានីកាលពីរសៀលថ្ងៃពុធនេះដែលបង្ករអោយមានមនុស្សស្លាប់ និងកញ្ចក់បែកនៅលើដងផ្លូវ។ ប៉ូលិស៣នាក់ស្លាប់ ខណៈដែលមន្ត្រីប៉ូលិស និងជនស៊ីវិលជាច្រើននាក់ទៀតរងរបួសក្នុងការវាយប្រហារនៅច្រកស្ថានីយ៍ Kampung Melayu។ គួរបញ្ជាក់ផងដែរថាក្រុមរដ្ឋអ៊ីស្លាមក៏អះអាងទទួលខុសត្រូវទៅលើការវាយប្រហារនេះនៅល្ងាចថ្ងៃព្រហស្បតិ៍នេះផងដែរ៕