ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ២០១៧
អ្នកនាំពាក្យក្រសួងការពារជាតិបញ្ជាក់នៅថ្ងៃព្រហស្បតិ៍នេះថាមន្រ្តីកងទ័ពជើងទឹកស្រីម្នាក់សម្រេចចិត្តធ្វើអត្តឃាតបន្ទាប់ពីនាងត្រូវមិត្តរួមការងារជាមន្ត្រីជាន់ខ្ពស់ចាប់រំលោភ។ ស្រីជនរងគ្រោះនេះស្លាប់នៅក្នុងបន្ទប់ផ្ទះល្វែងមួយនៅថ្ងៃពុធនេះដែលបន្សល់សារមួយសរសេរថា “ស្អែកនេះ ខ្ញុំនឹងលែងនៅលើពិភពលោកនេះទៀតហើយ!”។ អ្នកនាំពាក្យបន្ថែមថានេះគឺពិតជាអំពើអត្តឃាតពិតប្រាកដមែន។ ជនរងគ្រោះនេះក៏ធ្លាប់ប្រាប់ទៅមិត្តប្រុសរបស់នាងផងដែរថានាងត្រូវគេចាប់រំលោភ។ កងកម្លាំងយោធាចាប់ខ្លួនប្រធានក្រុមកងទ័ពជើងទឹកមួយរូបដែលជាប់សង្ស័យក្នុងរឿងនេះ។ លោកបានសារភាពថាពិតជាបានរួមភេទជាមួយនឹងស្រីរងគ្រោះពិតមែន ប៉ុន្តែមិនមែនជាការរំលោភនោះទេ។ សកម្មជនសិទ្ធិមនុស្សនិយាយថាករណីអំពើហិង្សារំលោភផ្លូវភេទនៅកន្លែងយោធាកើតមានឡើងជាញឹកញយដដែលបើទោះបីជារដ្ឋាភិបាលព្យាយាមទប់ស្កាត់យ៉ាងណាក៏ដោយ។ ការស៊ើបអង្កេតរបស់សភាបង្ហាញថា កាលពីឆ្នាំមុននេះមានទាហានស្រីសរុបចំនួន១១១នាក់ក្លាយជាជនរងគ្រោះនៃការរំលោភផ្លូវភេទពីក្រុមរៀមច្បងរួមជំនាន់របស់ពួកគេតាំងពី៥ឆ្នាំមុនមកម្ល៉េះ។ កាលពីប៉ុន្មានថ្ងៃមុននេះមន្រ្តីកងទ័ពកូរ៉េខាងត្បូងម្នាក់ក៏ទើបតែត្រូវកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល៦ខែពីបទរួមភេទជាមួយមិត្តប្រុសរួមការងាររបស់ខ្លួន៕