ប្រទេសអេហ្ស៊ីបអំពាវនាវឱ្យអង្គការសហប្រជាជាតិធ្វើការស៊ើបអង្កេតទៅលើប្រទេសកាតា

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ០៨ ខែ មិថុនា ឆ្នាំ២០១៧

ប្រទេសអេហ្ស៊ីបនៅថ្ងៃព្រហស្បតិ៍បានអំពាវនាវឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស៊ើបអង្កេតលើបទចោទប្រកាន់ប្រទេសកាតាថាបានផ្តល់ប្រាក់រហូតដល់ទៅ១ពាន់លានដុល្លារដល់ក្រុមភេរវករដែលសកម្មក្នុងប្រទេសអ៊ីរ៉ាក់ដើម្បីជាថ្នូរនឹងការដោះលែងសមាជិកគ្រួសាររាជវង្សដែលក្រុមភេរវករនេះបានចាប់ពង្រត់។ ប្រទេសបារ៉ែន ប្រទេសអេហ្ស៊ីប ប្រទេសអារ៉ាប៊ីសាអូឌីត ប្រទេសអារ៉ាប់រួម និងបណ្តាប្រទេសផ្សេងទៀតជាច្រើនបានកាត់ផ្តាច់ទំនាក់ទំនងការទូត និងទំនាក់ទំនងការដឹកជញ្ជូនជាមួយទីក្រុងដូហាកាលពីថ្ងៃចន្ទនេះដោយចោទថាប្រទេសនេះគាំទ្រដល់ពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម។ ចំណែកឯប្រទេសកាតាបានហៅការចោទប្រកាន់នេះថាគ្មានមូលដ្ឋានត្រឹមត្រូវ។ ប្រទេសកាតាបដិសេធថាបានព្យាយាមបង់ប្រាក់លោះដើម្បីធានាការដោះលែងដល់ជនជាតិកាតា២៦នាក់រួមទាំងសមាជិកនៃគ្រួសាររាជវង្សដែលកំពុងកាន់អំណាចរបស់ប្រទេសនេះដែលបានចាប់ពង្រត់នៅក្នុងប្រទេសអ៊ីរ៉ាក់ដោយខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណ។ គួរបញ្ជាក់ថាប្រជាជនកាតាខ្លះត្រូវគេដោះលែងកាលពីខែមេសាកន្លងមកនេះដែលមានរយៈពេលប្រមាណជា១៨ខែបន្ទាប់ពីក្រុមភេរវករចាប់ពង្រត់ពួកគេក្នុងអំឡុងពេលធ្វើដំណើរបរបាញ់សត្វនៅភាគខាងត្បូងប្រទេសអ៊ីរ៉ាក់។ ដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអំពាវនាវឱ្យរដ្ឋទាំងឡាយទប់ស្កាត់ភេរវករពីការទទួលផលប្រយោជន៍ដោយផ្ទាលឬក៏ដោយប្រយោលពីការបង់ប្រាក់លោះឬសម្បទានផ្នែកនយោបាយ និងការធានាដល់ការដោះលែងចំណាប់ខ្មាំងប្រកបដោយសុវត្ថិភាព។ អ្នកកាទូតកាតាបាននិយាយថាប្រទេសរបស់ខ្លួនអនុវត្តតាមដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទៅលើការប្រយុទ្ធប្រឆាំងអំពើភេរវកម្មរួមទាំងការលុបបំបាត់ប្រភពនៃការផ្តល់ហិរញ្ញប្បទានភេរវកម្មផងដែរ។ អ្នកនាំពាក្យរបស់លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិនិយាយថាលោក Antonio បានត្រៀមខ្លួនជាស្រេចដើម្បីគាំទ្រការខិតខំប្រឹងប្រែងការទូតណាមួយដើម្បីដោះស្រាយភាពតានតឹងរវាងប្រទេសកាតា និងរដ្ឋដទៃទៀតដែលនៅតាមឈូងសមុទ្រអារ៉ាប់។ អ្នកនាំពាក្យដដែលនេះបានឲ្យដឹងទៀតថាលោក Antonio គោរពតាមស្ថានភាពរបស់ប្រទេសតាមបណ្តាមជ្ឈឹមបូព៌ាដោយមានការព្រួយបារម្ភយ៉ាងខ្លាំងលើបញ្ហានេះ។ គាត់បានជម្រុញឱ្យបណ្តាប្រទេសនៅក្នុងតំបន់ទាំងនេះជៀសវាងការធ្វើឲ្យមានភាពតានតឹងកើនឡើង៕

LEAVE A REPLY

Please enter your comment!
Please enter your name here