កងកម្លាំងយោធាហ្វីលីពីនស្នើរទៅកាន់ក្រុមហ៊ុន Facebook អោយបិទគណនីពួកជ្រុលនិយម

0

ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ២០១៧

កងកម្លាំងយោធាហ្វីលីពីនកាលពីថ្ងៃសុក្រនេះស្នើរទៅកាន់ក្រុមហ៊ុនបណ្តាញសង្គម Facebook អោយបិទគណនីជាច្រើនដែលជាប់ពាក់ព័ន្ធទៅនឹងក្រុមសកម្មប្រយុទ្ធដែលវាយប្រហារទីក្រុងភាគខាងត្បូង។ កងកម្លាំងយោធានេះនិយាយថាពួកសកម្មប្រយុទ្ធនេះប្រើប្រាស់បណ្តាញសង្គមសម្រាប់ការឃោសនា។ លោកវរសេនីយ៍ទោ Jo-Ar Herrera និយាយថាកងកម្លាំងប្រដាប់អាវុធនៅលើបណ្តាញសង្គមរកឃើញគណនី Facebook ចំនួន៦៣ដែលជាកម្មសិទ្ធិរបស់ពួកជ្រុលនិយម និងអ្នកគាំទ្រពួកសកម្មប្រយុទ្ធ។ លោក Jo-Ar Herrera ប្រាប់នៅក្នុងសន្និសីទកាសែតនៅភាគខាងត្បូងទីក្រុង Marawi ថា “គណនីទាំង៦៣នេះចែកចាយព័ត៌មានមិនពិតដែលជះឥទ្ធិពលទៅលើផ្នត់គំនិតរបស់ជនជាតិហ្វីលីពីន”។ កងកម្លាំងយោធាស្នើរទៅកាន់ក្រុមហ៊ុន Facebook ដើម្បីចាត់វិធានការណ៍ចាំបាច់ដើម្បីបិទគណនីក្លែងក្លាយនេះ។ ពួកសកម្មប្រយុទ្ធជាច្រើនរយនាក់គ្រវីទង់ជាតិក្រុមរដ្ឋអ៊ីស្លាមពណ៌ខ្មៅវាយប្រហារកាន់កាប់ផ្នែកខ្លះនៃទីក្រុង Marawi នៅថ្ងៃទី២៣ ខែឧសភា។ កងកម្លាំងប្រតិបត្តិការហ្វីលីពីនចាប់ផ្តើមប្រតិបត្តិការទាំងផ្លូវគោក និងផ្លូវអាកាសអស់រយៈពេល២សប្តាហ៍ហើយ។ លោកប្រធានាធិបតី Rodrigo Duterte និយាយថាការវាយប្រហារនេះគឺជាផ្នែកមួយនៃផែនការដ៏ធំរបស់ក្រុមរដ្ឋអ៊ីស្លាមដើម្បីបង្កើតមូលដ្ឋានមួយនៅក្នុងភាគខាងត្បូងនៃកោះ Mindanao ហើយហ្វីលីពីនក៏ប្រកាសប្រើដាវអាជ្ញារសឹកដើម្បីបង្ក្រាបការវាយប្រហារនេះផងដែរ។ យោងតាមលោក Herrera បញ្ជាក់ថាកងទ័ពរដ្ឋាភិបាល៤០នាក់ និងពួកសកម្មប្រយុទ្ធ១៣៨នាក់ស្លាប់នៅក្នុងការវាយប្រហារនេះ។ ជនស៊ីវិល២០នាក់ត្រូវគេរាយការណ៍ថាស្លាប់ផងដែរ។ ១០ភាគរយនៃទីក្រុង Marawi នៅតែកាន់កាប់ដោយក្រុមសកម្មប្រយុទ្ធ។ មនុស្សប្រមាណជា២,០០០នាក់ដែលគេជឿថាស្ថិតនៅក្នុងដៃរបស់ពួកសកម្មប្រយុទ្ធសម្រាប់ប្រើប្រាស់ជាខែលទប់ទល់ទៅនឹងកម្លាំងយោធា។ ពួកសកម្មប្រយុទ្ធជ្រុលនិយមរដ្ឋអ៊ីស្លាមប្រើប្រាស់បណ្តាញសង្គមដើម្បីផ្សព្វផ្សាយមនោគមវិជ្ជារបស់ពួកគេ ហើយក្រុមអ្នកវិភាគនិយាយថាមនុស្សជាច្រើនដែលដើរតាមក្រុមជ្រុលនិយមនេះគឺអានសារ និងស្តាប់ការឃោសនានៅលើអនឡាញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here