ហ្វីលីពីន៖ កងកម្លាំងទាហានសហរដ្ឋអាមេរិកនៅក្បែរតំបន់ឡោមព័ទ្ធ Marawi ប៉ុន្តែមិនបានប្រយុទ្ធទេ

0

ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ២០១៧

អ្នកនាំពាក្យកងកម្លាំងយោធាហ្វីលីពីននិយាយនៅថ្ងៃពុធនេះថាកងកម្លាំងទាហានអាមេរិកបោះទីតាំងនៅក្បែរទីក្រុង Marawi ភាគខាងត្បូងប្រទេសហ្វីលីពីន ប៉ុន្តែកងកម្លាំងនេះមិនប្រយុទ្ធជាមួយនឹងពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមដែលកាន់កាប់បានផ្នែកខ្លះបានរយៈពេលប្រមាណជា៣​សប្តាហ៍កន្លងមកហើយនៅក្នុងទីក្រុងនេះ។ កងកម្លាំងហ្វីលីពីនកាលពីពេលមុននេះនិយាយថាសហរដ្ឋអាមេរិកផ្តល់ជំនួយបច្ចេកទេសដើម្បីបញ្ចប់ការកាន់កាប់ផ្នែកខ្លះរបស់ទីក្រុង Marawi ដោយពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ប៉ុន្តែមិនទាន់មានការវាយប្រហារនៅឡើយទេ។ នៅក្នុងសន្និសីទកាសែតឧត្តមសេនីយ៍ត្រី Restituto Padilla និយាយថា “វាមានកងកម្លាំងយោធាសហរដ្ឋអាមេរិកជាច្រើនដែលកំពុងប្រតិបត្តិការដើម្បីផ្តល់ព័ត៌មានទៅលើស្ថានភាពនៃកងកម្លាំងរបស់យើង។ ខ្ញុំមិនទាន់បានដឹងអំពីចំនួនជាក់លាក់ និងបេសកកកម្មជាក់លាក់នៅឡើយទេ។ ពួកគេអនុញ្ញាតឲ្យយើងប្រើប្រាស់កាំភ្លើងដើម្បីការពារខ្លួន។ ប៉ុន្តែពួកគេមិនអនុញ្ញាតឲ្យយើងប្រយុទ្ធនោះទេ ពួកគេគ្រាន់តែផ្តល់ការទ្រទ្រង់តែប៉ុណ្ណោះ”។ កាលពីថ្ងៃពុធ កងកម្លាំងរដ្ឋាភិបាលវាយប្រហារទៅលើទីតាំងក្រុមបះបោរនៅក្នុងទីក្រុង Marawi ដោយប្រើប្រាស់គ្រាប់បែក រថក្រោះ និងឧទ្ធម្ភាគចក្រ ហើយគេមើលឃើញមានភ្លើងឆេះនៅក្នុងការវាយប្រហារនៅទីក្រុងនេះ។ ការវាយប្រហារនេះបញ្ចប់នៅពេលរសៀលខណៈដែលមានភ្លៀងធ្លាក់ខ្លាំង។ នេះគឺជាការវាយប្រហារលើកទី២៣ហើយសម្រាប់ការប្រយុទ្ធគ្នានៅក្នុងទីក្រុង Marawi ហើយក៏មិនមានសញ្ញាថាអាចនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here