ការឡោមព័ទ្ធទីក្រុង Marawi នឹងត្រូវអូសបន្លាយ

0

ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ២០១៧

ការឡោមព័ទ្ធទីក្រុង Marawi ភាគខាងត្បូងប្រទេសហ្វីលីពីនឈានចូលដល់រយៈពេល៤​សប្តាហ៍ហើយ កងកម្លាំងយោធាបោះបង់ចោលការកំណត់ពេលវេលាបញ្ចប់ការឡោមព័ទ្ធរបស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងជាមួយនឹងពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម។ ឧត្តមសេនីយ៍ត្រី Restituto Padilla អ្នកនាំពាក្យកងកម្លាំងយោធាហ្វីលីពីននិយាយនៅក្នុងសន្និសីទកាសែតមួយនៅថ្ងៃពុធនេះថា “មិនមានពេលវេលាកំណត់ជាក់លាក់ណាមួយនោះទេ។ វាអាចនឹងអូសបន្លាយពេលវេលាកាន់តែវែងជាងមុន”។ ទំហំនៃអំពើឃោរឃៅ និងភាពរឹងមាំរបស់ពួកសកម្មប្រយុទ្ធនៅក្នុងទីក្រុង Marawi ពិតជាភ្ញាក់ផ្អើលមែនទែន។ ពួកយុទ្ធជននេះមកពីក្រុម Maute និងក្រុម Abu Sayyaf នៅទីក្រុង Marawi កោះ Mindanao។ វាក៏ជាភាពបរាជ័យរបស់រដ្ឋាភិបាលហ្វីលីពីនក្នុងការយល់ដឹងអំពីការវិវត្តន៍ និងភាពជ្រុលនិយមរបស់ក្រុមរដ្ឋអ៊ីស្លាមនៅក្នុងប្រទេសនេះ។ ប្រភពសន្តិសុខមួយនិយាយថា “កងកម្លាំងយោធាមើលស្រាលទៅលើភាពខ្លាំង និងឥទ្ធិពលរបស់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមនៅក្នុងទីក្រុង Marawi។ ពួកសកម្មប្រយុទ្ធមានគម្រោងប្រកាសយកទីក្រុង Marawi ដែលជាមូលដ្ឋានក្រុមរដ្ឋអ៊ីស្លាមនៅតំបន់អាស៊ីអាគ្នេយ៍។ ក្រុមសកម្មប្រយុទ្ធនេះមានមូលដ្ឋាននៅក្នុងទីក្រុង Marawi នេះជាច្រើនឆ្នាំមកហើយ ពិសេសពួកគេសាងសង់បន្ទាយមួយដែលមានអាវុធប្រឆាំងយន្តហោះ លេនដ្ឋានក្រោមដី និងការប្រើប្រាស់ជនស៊ីវិលជាខែលផងដែរ”។ ពួកសកម្មប្រយុទ្ធទាំងនេះក៏ជីករូងក្រោមដីជាច្រើនដែលអាចផ្ទុកគ្រាប់បែកដល់ទៅ២២៧គីឡូក្រាម។ រូងក្រោមដីនេះប្រើប្រាស់ដោយក្រុមសកម្មប្រយុទ្ធដើម្បីរក្សាទុកអាវុធកម្រិតខ្ពស់ និងផ្លូវសម្រាប់រត់គេចខ្លួនផងដែរ នេះបើតាមការបញ្ជាក់របស់លោកវរសេនីយ៍ទោ Jo-ar Herrera។ ការឡោមព័ទ្ធទីក្រុង Marawi ចាប់ផ្តើមនៅថ្ងៃទី២៣ ខែឧសភានៅពេលដែលក្រុមសកម្មប្រយុទ្ធចាប់ផ្តើមយុទ្ធនាការដឹកនាំដោយលោក Isnilon Hapilon មេដឹកនាំរបស់ក្រុម Abu Sayyaf។ ក្រុមសកម្មប្រយុទ្ធសម្រេចចិត្តប្រយុទ្ធជាមួយពួកសកម្មប្រយុទ្ធនេះដែលបណ្តាលអោយមនុស្សស្លាប់២៩០នាក់ដែលក្នុងនោះមានពួកសកម្មប្រយុទ្ធ២០៦នាក់ ទាហាន៥៨នាក់ និងជនស៊ីវិល២៦នាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here