ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ២០១៧
រដ្ឋាភិបាលក្រុងតូក្យូចាប់ផ្តើមស៊ើបអង្កេតភ្លាមៗអំពីមូលហេតុដែលចំណាយពេលវេលាជិត១ម៉ោងក្នុងការរាយការណ៍អំពីចំនួនអ្នកស្លាប់នៅក្នុងការប៉ះទង្គិចគ្នារវាងនាវាពិឃាតកងទ័ពជើងទឹកជាមួយនាវាដឹកទំនិញរបស់ហ្វីលីពីន។ នាវិកអាមេរិក៧នាក់ស្លាប់ក្នុងហេតុការណ៍ប៉ះទង្គិចគ្នានៅលើឆ្នេររបស់ប្រទេសជប៉ុន។ លោក Tetsuya Tanaka មន្ត្រីឆ្មាំសមុទ្រជប៉ុននិយាយនៅថ្ងៃចន្ទនេះថាកងកម្លាំងយោធាកំពុងកំណត់មើលអំពីមូលហេតុដែលនាវិករបស់ Philippines-flagged ACX Crystal ធ្វើនៅក្នុងអំឡុងពេលប៉ះទង្គិចគ្នាជាមួយនាវាពិឃាត USS Fitzgerald។ គ្រោះថ្នាក់នេះមានគេរាយការណ៍ជិត១ម៉ោងក្រោយពេលកើតហេតុនេះបើតាមការបញ្ជាក់របស់សារព័ត៌មាន AP។ គាត់និយាយថាក្រុមមន្ត្រីជាច្រើនរូបមានគម្រោងស្រាវជ្រាវទៅលើឧបករណ៍ថតការទំនាក់ទំនងនេះ ខណៈដែលក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជប៉ុន Transport Safety Board ក៏បានចាប់ផ្តើមស៊ើបអង្កេតទៅលើគ្រោះថ្នាក់នេះនៅថ្ងៃចន្ទនេះផងដែរ។ សមាជិកនាវិកជាច្រើនរបស់កប៉ាល់ហ្វីលីពីនទូរស័ព្ទប្រាប់អំពីហេតុការណ៍នៃគ្រោះថ្នាក់នេះនៅវេលាម៉ោង២:២៥នាទីថ្ងៃសៅរ៍ដោយនិយាយថារឿងនេះទើបតែកើតឡើង ខណៈដែលឆ្មាំសមុទ្រជប៉ុននិយាយថាការប៉ះទង្គិចគ្នានេះកើតឡើងនៅវេលាម៉ោង២:២០នាទីថ្ងៃសៅរ៍។ ទោះជាយ៉ាងណាក៏ដោយក្រោយពេលសម្ភាសន៍សមាជិកនាវិកនៅលើកប៉ាល់ដឹកទំនិញ មន្ត្រីអាជ្ញាធរជប៉ុនរកឃើញថាគ្រោះថ្នាក់នេះកើតឡើងនៅវេលាម៉ោង១:៣០នាទីដែលធ្វើឲ្យមានមន្ទិលសង្ស័យថារយៈពេល៥៥នាទីទៀតមានអ្វីកើតឡើងខ្លះមុនពេលមានការជូនដំណឹង។ លោកស្រី Nanami Meguro អ្នកនាំពាក្យកប៉ាល់ដឹកទំនិញយល់ស្របលើការផ្លាស់ប្តូរម៉ោងគ្រោះថ្នាក់ប៉ះទង្គិចនេះ។ លោកស្រីនិយាយថាកប៉ាល់នេះប្រតិបត្តិការដូចធម្មតារហូតដល់ការប៉ះទង្គិចគ្នាមួយកើតឡើងនៅវេលាម៉ោងប្រមាណជា១:៣០នាទីនេះបើតាមការអង្កេតទៅលើប្រព័ន្ធតាមដានរបស់ក្រុមហ៊ុន។ លោកស្រី Meguro បន្ថែមទៀតថាកប៉ាល់នេះជូនដំណឹងអំពីការប៉ះទង្គិចគ្នានៅម៉ោង២:២៥នាទី ប៉ុន្តែលោកស្រីនៅមិនទាន់អាចបញ្ជាក់ព័ត៌មានលម្អិតថាតើកប៉ាល់នេះកំពុងធ្វើអ្វីក្នុងរយៈពេល១ម៉ោងមុនពេលខលប្រាប់ពីការប៉ះទង្គិច។ សារព័ត៌មាន AP ដកស្រង់សម្តីលោកស្រីថា “ដោយសារតែវាគឺជាការសង្គ្រោះបន្ទាន់មួយសមាជិកនាវិកនៅមិនទាន់អាចខលហៅទាន់ពេលវេលា”។ យោងតាមប្រព័ន្ធតាមដានបានឲ្យដឹងថានាវាដឹកទំនិញនេះធ្វើដំណើរនៅលើផ្លូវនាវានៅម៉ោងប្រមាណជា១:៣០នាទីខណៈដែលនាវានេះហាក់ដូចជាព្យាយាមចង់បើកគេចពីអ្វីមួយ។ ក្រោយមកក៏មានការរាយការណ៍ថាប៉ះទង្គិចគ្នានៅវេលាម៉ោងប្រមាណជា២:២០នាទីវិញ។ ថ្លែងនៅក្នុងសន្និសីទកាសែតស្តីអំពីគ្រោះថ្នាក់ប៉ះទង្គិចនៅថ្ងៃចន្ទនេះ លោក Joseph Aucoin មេបញ្ជាការកងទ័ពជើងទឹកកងនាវាទី៧ប្រាប់អ្នកសារព័ត៌មានថា “ការអាណិតអាសូរយ៉ាងជ្រាលជ្រៅរបស់យើងស្ថិតនៅជាមួយក្រុមគ្រួសាររបស់នាវិកទាំងអស់”។ អ្នកនាំពាក្យរបស់ក្រុមប្រឹក្សាវុត្ថិភាពដឹកជញ្ជូនរបស់ជប៉ុនប្រាប់សារព័ត៌មាន AFP ថាកងកម្លាំងជើងទឹកអាមេរិកកំពុងបើកស៊ើបអង្កេត ហើយទំនងជាសហការជាមួយនឹងប្រទេសជប៉ុនផងដែរ៕