ការចាប់ជំរិតហ្វីលីពីន៖ ពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមដកថយកម្លាំងបន្ទាប់ពីការប្រយុទ្ធដ៏ខ្លាំងក្លា

0

ប្រភពព័ត៌មានពី Dailymail ចុះផ្សាយថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ២០១៧

ក្រុមសកម្មប្រយុទ្ធដែលចាប់ខ្លួនសិស្សជាចំណាប់ខ្មាំងនៅក្នុងប្រទេសហ្វីលីពីនត្រូវបង្ខំឲ្យដកថយបន្ទាប់ពីការប្រយុទ្ធគ្នាដ៏ខ្លាំងក្លាជាមួយកងទ័ព។ ជនស៊ីវិលជាច្រើនត្រូវប្រើប្រាស់ជាខែលនៅក្នុងទីក្រុង Pigcawayan ភាគខាងត្បូងខេត្ត Cotabato នៅលើកោះ Mindanao ជាកន្លែងដែលមានការប្រយុទ្ធបង្ហូរឈាមរវាងកងទ័ពរដ្ឋាភិបាល និងក្រុមរដ្ឋអ៊ីស្លាមដែលឈានដល់៥សប្តាហ៍មកហើយ។ លោកឧត្តមសេនីយ៍ Restituto Padilla និយាយថា​ក្រុមជីហាដនិយមដកថយ ហើយកងកម្លាំងយោធាកំពុងស៊ើបអង្កេតមើលថាតើជនស៊ីវិលណាមួយដែលត្រូវចាប់ខ្លួននោះ។ “រឿងនេះត្រូវដោះស្រាយរួចទៅហើយ។ កងកម្លាំងយោធាបានដកថយ ពួកគេមិននៅទីនេះទៀតទេ។ តំបន់នៅសាលារៀននេះមានសុវត្ថិភាពវិញហើយ”។ សាក្សីជាច្រើននាក់នៅចម្ងាយប្រហែលជា១គីឡូម៉ែត្រពីសាលារៀននិយាយថាពួកគេលឺស្នូរកាំភ្លើងខណៈដែលកងកម្លាំងយោធាហាមមិនអោយអ្នកណាចូលជិតតំបន់នោះ។ ប៉ូលីសនិយាយថាបុរសប្រដាប់ដោយអាវុធប្រមាណជា៣០០នាក់នៅក្នុងចំណោមសាមាជិកជាច្រើនរបស់ក្រុមយុទ្ធជនសេរីអ៊ីស្លាម Bangsamoro (BIFF) វាយលុកទៅលើសាលារៀននេះនៅព្រឹកថ្ងៃពុធ។ អ្នកនាំពាក្យ Abu Misry Mama របស់ក្រុម BIFF និយាយថាពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមចាប់យកជនស៊ីវិលទៅកាន់កន្លែងសុវត្ថិភាពមួយពីតំបន់បាញ់ប្រហារ ហើយពួកគេមិនមានបំណងចាប់ជនស៊ីវិលទាំងអស់នេះជាចំណាប់ខ្មាំងនោះទេ។ យើងមិនមែនចាប់ជម្រិតជនទាំងនេះជាចំណាប់ខ្មាំងនោះទេ។ លោក Padilla និយាយថាឧបទ្ទវហេតុនៅ Pigcawayan មិនទាក់ទងទៅនឹងការប្រយុទ្ធគ្នានៅទីក្រុង Marawi នោះទេ។ បញ្ហានេះកើតចេញពីក្រុមដែលមានការប្តេជ្ញាចិត្តជាយូរមកហើយ។ អធិការប៉ូលិសទីក្រុង Pigcawayan លោក Realan Mamon និយាយនៅក្នុងបទសម្ភាស៍ថា “យើងបញ្ជាក់បានថាពួកគេកាន់កាប់សាលារៀនមួយ ហើយវាមានជនស៊ីវិលជាច្រើនត្រូវចាប់ឃុំខ្លួន។ យើងស្ថិតនៅក្នុងដំណើរការនៃការកំណត់មើលថា តើមានជនស៊ីវិលប៉ុន្មាននាក់ដែលជាប់ឃុំខ្លួន និងអត្តសញ្ញាណរបស់ពួកគេ។ ការវាយប្រហារនេះប្រហែលជាការប៉ុនប៉ងដើម្បីបង្វែរការយកចិត្តទុកដាក់របស់យោធាចេញពីពួកសកម្មប្រយុទ្ធដែលឡោមព័ទ្ធភាគខាងត្បូងទីក្រុង Marawi។ ខ្មាន់កាំភ្លើង BIFF វាយឆ្មក់ទៅលើភូមិ Malagakit ភាគខាងជើងខេត្ត Cotabat នៅព្រលឹមថ្ងៃពុធ ហើយកងកម្លាំងរដ្ឋាភិបាលក៏ចាប់ផ្តើមការប្រយុទ្ធ។ អ្នកភូមិជាច្រើននាក់ត្រូវជម្លៀសខ្លួនដើម្បីសុវត្ថិភាព”។ ទីក្រុង Pigcawayan មានចម្ងាយ១៩០គីឡូម៉ែត្រ (១២០ ម៉ាយ៍) ពីភាគខាងត្បូងទីក្រុង​ Marawi ជាកន្លែងដែលពួកសកម្មប្រយុទ្ធ BIFF រួមជាមួយក្រុមយុទ្ធជនមកពីក្រុមជាច្រើនទៀតដែលចងសម្ព័ន្ធជាមួយក្រុមរដ្ឋអ៊ីស្លាម (ISIS) ត្រូវប្រយុទ្ធប្រឆាំងជាមួយកងកម្លាំងយោធាហ្វីលីពីនចាប់តាំងពីថ្ងៃទី២៣ ខែឧសភាមកម្ល៉េះ។ លោក Eliseo Garcesa ចៅហ្វាយក្រុង Pigcawayan ប្រាប់វិទ្យុហ្វីលីពីនថាលោកកំពុងស្វែងរកព័ត៌មានអំពីចំនួនអ្នកស្លាប់ និងអ្នករងរបួស។ យន្តហោះ និងកងទ័ពហ្វីលីពីនចាប់ផ្តើមប្រយុទ្ធប្រឆាំងសារជាថ្មីទៅនឹងពួកសកម្មប្រយុទ្ធនៅក្នុងទីក្រុង Marawi កាលពីថ្ងៃអង្គារ៍។ អ្នកនាំពាក្យកងកម្លាំងយោធានិយាយថាគោលបំណងសំខាន់គឺលុបបំបាត់ការប្រយុទ្ធគ្នានៅក្នុងតំបន់នេះនៅពិធីបុណ្យ Eid al-Fitr នៅចុងសប្តាហ៍នេះ បើទោះបីជាមិនមានកាលបរិច្ឆេទកំណត់ក៏ដោយ។ ការវាយលុកនេះបង្ករការព្រួយបារម្ភថាពួកឧទ្ទាមអាចនឹងមកដល់ទីក្រុងនេះម្តងទៀតបន្ទាប់ពីពិធីបុណ្យ Eid al-Fitr៕

LEAVE A REPLY

Please enter your comment!
Please enter your name here