មេដឹកនាំ IS ៦នាក់ស្លាប់ក្នុងការវាយប្រហារតាមអាកាសក្នុងខេត្ត Kirkuk

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ២០១៧

ប្រភពក្នុងស្រុកមួយបាននិយាយថាមេដឹកនាំរដ្ឋអ៊ីស្លាម៦នាក់ស្លាប់កាលពីថ្ងៃចន្ទនេះដោយយន្តហោះចម្បាំងរបស់កងកម្លាំងចម្រុះដែលដឹកនាំដោយសហរដ្ឋអាមេរិកធ្វើការវាយប្រហារមកលើក្បួនរបស់ពួកគេនៅភាគនិរតីនៃខេត្ត Kirkuk។ ការវាយប្រហារនេះមានគោលដៅសំដៅលើក្បួនដង្ហែរដ៏វែងរបស់ក្រុមរដ្ឋអ៊ីស្លាមដែលកំពុងផ្លាស់ទីចេញពីតំបន់ Abassi ឆ្ពោះទៅកាន់ភ្នំ Hamreen។ ប្រភពដដែលនេះបានឲ្យដឹងទៀតថាមេដឹកនាំម្នាក់ក្នុងចំណោមមេដឹកនាំទាំង៦នាក់ដែលស្លាប់មានសញ្ជាតិអារ៉ាប់ដែលជាជំនួយការជិតស្និទ្ធរបស់មេដឹកនាំកំពូលរបស់រដ្ឋអ៊ីស្លាម Abu Bakr al-Baghdadi ហើយលើសពីនេះទៀតការវាយប្រហារបានបំផ្លាញរថយន្តចំនួន១២គ្រឿងរបស់ពួកសកម្មប្រយុទ្ធផងដែរ។ ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមបានគ្រប់គ្រងស្រុក Hawija និងតំបន់ជុំវិញមួយចំនួនក្នុងស្រុកនេះចាប់តាំងពីឆ្នាំ២០១៤មកម្លេះ ហើយពួកគេបានប្រកាសថាតំបន់ទាំងនេះជាទឹកដីរបស់ក្រុមរដ្ឋអ៊ីស្លាមដែលគ្របដណ្ដប់១ភាគ៣នៃប្រទេសអ៊ីរ៉ាក់ និងប្រទេសស៊ីរី។ យន្តហោះរបស់កងកម្លាំងចម្រុះ និងយន្តហោះអ៊ីរ៉ាក់ម្តងម្កាលបានវាយប្រហារទីតាំងរបស់ក្រុមរដ្ឋអ៊ីស្លាមនៅតំបន់ដែលពួកគេកាន់កាប់។ គួរបញ្ជាក់ថាមេដឹកនាំកុលសម្ព័ន្ធក្នុងតំបន់ និងអ្នកនយោបាយមកពីខេត្ត Kirkuk បានដាក់សម្ពាធលើរដ្ឋាភិបាលអ៊ីរ៉ាក់ឱ្យពន្លឿនក្នុងការវាយលុកលើស្រុក Hawija។ ការស្នើសុំនេះដោយសារតែមើលឃើញថាប្រជាជនរបស់ខ្លួនកំពុងជួបប្រទះនឹងវិបត្តិមនុស្សធម៌ក្រោមការគ្រប់គ្រងរបស់ក្រុមរដ្ឋអ៊ីស្លាម៕

LEAVE A REPLY

Please enter your comment!
Please enter your name here