ជនជាតិកូរ៉េខាងជើង៥នាក់ឆ្លងកាត់ព្រំដែនដ៏តានតឹងទៅកាន់ប្រទេសកូរ៉េខាងត្បូង

0

ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ០២ ខែ កក្កដា ឆ្នាំ២០១៧

មន្ត្រីឆ្មាំសមុទ្រនិយាយថាជនជាតិកូរ៉េខាងជើង៥នាក់ជិះនៅលើទូកតូចមួយធ្វើដំណើរឆ្លងកាត់ព្រំដែនសមុទ្រឆ្ពោះទៅកាន់ទឹកដីកូរ៉េខាងត្បូងកាលពីថ្ងៃសៅរ៍ទី១ ខែកក្កដានេះ។ មនុស្សទាំង៥នាក់នេះមានស្រ្តីម្នាក់ និងបុរស៤នាក់ដែលសម្រេចចិត្តរត់ចោលស្រុកមករស់នៅទឹកដីប្រទេសកូរ៉េខាងត្បូង។ មន្ត្រីឆ្មាំសមុទ្រប្រាប់ AFP ថា “កងកម្លាំងឆ្មាំសមុទ្រនាំទូកនោះទៅកាន់កន្លែងមានសុវត្ថិភាពនៅភាគខាងកើតកំពង់ផែ Mukho”។ មន្ត្រីអាជ្ញាធរកំពុងសួរចម្លើយជនជាតិកូរ៉េខាងជើងទាំង៥នាក់នេះ។ រឿងរ៉ាវនេះកើតឡើងបន្ទាប់ពីទូកនេសាទមួយរបស់ជនជាតិកូរ៉េខាងជើងផ្ទុកមនុស្ស៨នាក់ដែលមានបញ្ហារលត់ម៉ាស៊ីន និងរសាត់អណ្តែតមកដល់ដែនទឹកកូរ៉េខាងត្បូងនៅឆ្នេរសមុទ្រភាគខាងកើតកាលពីខែមុននេះ។ ប៉ុន្មានថ្ងៃក្រោយមកមនុស្ស៨នាក់នេះក៏ធ្វើមាតុភូមិនិវត្តន៍ទៅតាមអ្វីដែលពួកគេបានស្នើរសុំ។ កាលពីដើមខែនេះមនុស្ស២នាក់ក្នុងចំណោមមនុស្ស៤នាក់នៅលើទូកនេសាទកូរ៉េខាងជើងដែលរសាត់មកដល់ដែនទឹកកូរ៉េខាងត្បូងក៏បដិសេធមិនត្រឡប់ទៅកាន់កូរ៉េខាងជើងវិញដែរ។ ទីបំផុតពួកគេក៏ត្រូវអនុញ្ញាតឲ្យតាំងលំនៅថ្មីលើទឹកដីកូរ៉េខាងត្បូង។ វាមានការធ្វើដំណើរឆ្លងកាត់ព្រំដែនជាច្រើននៅក្នុងខែមិថុនាកន្លងទៅនេះ។ ទាហានកូរ៉េខាងជើង២នាក់ក៏ដើរឆ្លងកាត់ព្រំដែនដែលមានកំផែងរឹងមាំ ហើយជនស៊ីវិលម្នាក់ក៏ហែលទឹកទន្លេឆ្ពោះទៅកាន់ប្រទេសកូរ៉េខាងត្បូងដែរ។ គួរបញ្ជាក់ផងដែរថាជនជាតិកូរ៉េខាងជើងប្រមាណជា៣០០,០០០នាក់ភៀសខ្លួនចេញពីប្រទេសកំណើតរបស់ពួកគេ ប៉ុន្តែវាមិនមែនជារឿងងាយស្រួលនោះទេសម្រាប់ពួកគេក្នុងការឆ្លងកាត់ព្រំដែនដែលការពារដោយចម្ការមីន និងលួសបន្លា៕

LEAVE A REPLY

Please enter your comment!
Please enter your name here