សហរដ្ឋអាមេរិក និងហ្វីលីពីនល្បាតរួមគ្នាដើម្បីរារាំងក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម

0

ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ០១ ខែ កក្កដា ឆ្នាំ២០១៧

កងទ័ពជើងទឹកអាមេរិក និងហ្វីលីពីនល្បាតរួមគ្នាកាលពីថ្ងៃសៅរ៍នៅលើដែនសមុទ្រដ៏គ្រោះថ្នាក់បំផុតនៅភាគខាងត្បូងប្រទេសហ្វីលីពីនស្របពេលដែលមានការព្រួយបារម្ភជាអន្តរជាតិកាន់តែខ្លាំងអំពីពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម និងការលួចចូលមកក្នុងតំបន់នេះ។ នាវាចម្បាំង USS Coronado របស់កងទ័ពជើងទឹកអាមេរិកចូលរួមជាមួយនាវាចម្បាំងហ្វីលីពីន BRP Alcaraz ដើម្បីល្បាតនៅសមុទ្រស៊ូលូជាកន្លែងដែលចោរសមុទ្រវាយប្រហារច្រើនលើកទៅលើការដឹកជញ្ជូនពាណិជ្ជកម្មតាំងពីឆ្នាំ២០១៥។ លោក Don Gabrielson និយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ស្ថានទូតអាមេរិកក្នុងទីក្រុងម៉ានីលថា “ប្រតិបត្តិការនៅសមុទ្ររបស់យើងជាមួយកងទ័ពជើងទឹកហ្វីលីពីនបង្ហាញពីការប្តេជ្ញាចិត្តរបស់យើងចំពោះសម្ព័ន្ធមិត្ត និងទប់ស្កាត់ការលួចឆ្លងចូល និងសកម្មភាពខុសច្បាប់”។ មានក្តីបារម្ភជាអន្តរជាតិក្រោយពេលពលរដ្ឋម៉ាឡេស៊ី និងឥណ្ឌូនេស៊ីមានទំនោរជ្រុលនិយមចំពោះក្រុមរដ្ឋអ៊ីស្លាមដោយចូលរួមជាមួយនឹងពួកឧទ្ទាមអ៊ីស្លាមដែលកាន់កាប់ទីក្រុង Marawi នៅភាគខាងត្បូងប្រទេសហ្វីលីពីនរយៈពេល៥សប្តាហ៍មកហើយ។ ពួកសកម្មប្រយុទ្ធប្រមាណជា៣០០នាក់ កងកម្លាំងសន្តិសុខ៨២នាក់ និងជនស៊ីវិល៤៤នាក់ស្លាប់នៅក្នុងការប្រយុទ្ធនេះផងដែរ។ ស្ថានទូតអាមេរិកនិយាយថាការល្បាតដោយនាវានេះធ្វើឡើងតាមការអញ្ជើញរបស់រដ្ឋាភិបាលហ្វីលីពីន។ គួរបញ្ជាក់ផងដែរថា ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte មិនអនុញ្ញាតិឱ្យល្បាតរួមគ្នាជាមួយសហរដ្ឋអាមេរិកនៅក្នុងសមុទ្រចិនខាងត្បូងដែលមានជម្លោះនោះទេដើម្បីជៀសវាងការធ្វើឱ្យខូចទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសចិន ដោយសារចិនអះអាងថាសមុទ្រនេះជារបស់ខ្លួន។ ប៉ុន្តែលោកស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការនៅភាគខាងត្បូងដោយសារសកម្មភាពយោធាកើនឡើង។ កាលពី២សប្តាហ៍មុននេះ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងហ្វីលីពីនក៏ល្បាតររួមគ្នានៅក្នុងដែនទឹកភាគខាងត្បូងផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here