ឥណ្ឌូនេស៊ី និងហ្វីលីពីនល្បាតសមុទ្រ Celebes រួមគ្នាដើម្បីកាត់ផ្តាច់ពួកសកម្មប្រយុទ្ធ

0

ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ០២ ខែ កក្កដា ឆ្នាំ២០១៧

អ្នកនាំពាក្យកងទ័ពម្នាក់និយាយនៅថ្ងៃអាទិត្យថាប្រទេសហ្វីលីពីន និងប្រទេសឥណ្ឌូនេស៊ីល្បាតរួមគ្នានៅសមុទ្រ Celebes ក្នុងសប្តាហ៍នេះដើម្បីបញ្ឈប់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមដែលនៅលើកោះ Mindanao ភាគខាងត្បូងហ្វីលីពីនដែលជាកន្លែងពួកឧទ្ទាមដណ្ដើមយកបានទីក្រុងមួយ។ អ្នកនាំពាក្យយោធាលោក Ezra Balagtey និយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ការល្បាតរួមគ្នានេះមានបំណងដើម្បីពង្រឹងសន្តិសុខតាមព្រំដែន និងលើកកម្ពស់អន្តរប្រតិបត្តិការ។ នាវាចម្បាំងរបស់ប្រទេសទាំងពីរនឹងធ្វើដំណើរចេញពីទីក្រុង Davao ប្រទេសហ្វីលីពីននៅថ្ងៃព្រហស្បតិ៍នេះ។ ការល្បាតរួមគ្នានេះគឺដើម្បីពង្រឹងសន្តិសុខនៅឈូងសមុទ្រ Davao និងព្រំដែនទូទៅនៃប្រទេសទាំង២នៅប្រជុំកោះភាគខាងត្បូងជាពិសេសនៅតាមបណ្តោយសមុទ្រ Celebes។ រដ្ឋាភិបាលក្នុងតំបន់នេះមានការភ័យខ្លាចដោយសារតែក្រុមអ្នកប្រយុទ្ធទាំងនេះមានឆន្ទៈស្មោះស្មគ្រចំពោះក្រុមរដ្ឋអ៊ីស្លាមដោយឆ្លងកាត់ព្រំដែនសមុទ្រពីប្រទេសម៉ាឡេស៊ី និងប្រទេសឥណ្ឌូណេស៊ីដើម្បីចូលរួមជាមួយពួកឧទ្ទាមដែលកាន់កាប់ទីក្រុង Marawi កាលពី៥សប្តាហ៍មុននេះ។ ពួកសកម្មប្រយុទ្ធប្រមាណជា៣០០នាក កងកម្លាំងសន្តិសុខចំនួន៨២នាក់ និងជនស៊ីវិល៤៤នាក់ស្លាប់នៅក្នុងការប្រយុទ្ធនេះ។ ការល្បាតរួមគ្នានេះគឺជាលើកទី៣នៅក្នុងតំបន់នេះក្នុងរយៈពេលត្រឹមតែ១ខែខណៈដែលចោរសមុទ្រ និងពួកសកម្មប្រយុទ្ធបង្កើនការវាយប្រហារទៅលើការដឹកជញ្ជូនពាណិជ្ជកម្ម។ គួរបញ្ជាក់ផងដែរថាសហរដ្ឋអាមេរិក និងប្រទេសហ្វីលីពីនក៏ល្បាតរួមគ្នាកាលពីថ្ងៃសៅរ៍នេះលើដែនទឹកភាគខាងត្បូងប្រទេសហ្វីលីពីនផងដែរ។ កាលពីពីរសប្តាហ៍មុននេះប្រទេសឥណ្ឌូណេស៊ី ប្រទេសម៉ាឡេស៊ី និងប្រទេសហ្វីលីពីនសហការរួមគ្នាដើម្បីល្បាតព្រំដែនដែនសមុទ្ររួមរបស់ពួកគេនៅក្នុងសមុទ្រ Celebes និងសមុទ្រស៊ូលូ។ ការល្បាតចុងក្រោយបង្អស់នឹងបញ្ចប់នៅសប្តាហ៍ក្រោយនេះនៅក្នុងទីក្រុង Manado ប្រទេសឥណ្ឌូនេស៊ីនៅលើកោះ Sulawesi៕

LEAVE A REPLY

Please enter your comment!
Please enter your name here