ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ០២ ខែ កក្កដា ឆ្នាំ២០១៧
មន្រ្តីអង្គការសហប្រជាជាតិប្រចាំប្រទេសអ៊ីរ៉ាក់និយាយកាលពីថ្ងៃអាទិត្យនេះថាស្ថានភាពសន្តិសុខស្បៀងសម្រាប់ជនជាតិអ៊ីរ៉ាក់៣,៥លាននាក់ដែលបានផ្លាស់ទីលំនៅដោយសារសង្គ្រាមប្រឆាំងនឹងពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមនៅតែមានភាពខ្សត់ខ្សោយ។ លោក Fadel a-Zubi តំណាងអង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិនិយាយថាមនុស្សប្រមាណជា៣,៥លាននាក់បានផ្លាស់ប្តូរទីលំនៅ មនុស្ស៣លាននាក់ធ្វើមាតុភូមិនិវត្តន៍ និងជនភៀសខ្លួនស៊ីរី ២៥០,០០០នាក់ដែលរស់នៅក្នុងប្រទេសអ៊ីរ៉ាក់កំពុងរងគ្រោះពីការទទួលស្បៀងអាហារ។ លោកបន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍សារព័ត៌មានថាក្រុមគ្រួសារនៅភាគខាងលិចនៃរាជធានីម៉ូស៊ូលដែលជាកន្លែងកងកម្លាំងអ៊ីរ៉ាក់នៅឆ្ងាយពីការលុបបំបាត់ក្រុមរដ្ឋអ៊ីស្លាមដែលកំពុងជួបប្រទះនឹងផលពិបាកក្នុងការទទួលអាហារ។ លោកមានប្រសាសន៍ថាអង្គការ FAO បន្តកិច្ចខិតខំប្រឹងប្រែងដើម្បីស្តារឡើងវិញនូវប្រឡាយទឹកដែលរងការខូចខាតនៅក្នុងខេត្តនេះសម្រាប់ឱ្យកសិករបន្តធ្វើការដើម្បីធានាតម្រូវការអាហាររបស់ពួកគេ។ សង្រ្គាមប្រឆាំងនឹងក្រុម IS នៅក្នុងរាជធានីម៉ូស៊ូលសព្វថ្ងៃនេះបានឈានចូលដល់ខែទី៩ហើយដែលធ្វើឲ្យជនស៊ីវិលយ៉ាងហោយណាស់៩០០,០០០នាក់ផ្លាស់ទីលំនៅ។ រដ្ឋាភិបាលអ៊ីរ៉ាក់ និងទីភ្នាក់ងារអង្គការសហប្រជាជាតិបានប៉ាន់ប្រមាណថាមនុស្សជាង៤លាននាក់ផ្លាស់ទីលំនៅចាប់តាំងពីកើតមានក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមក្នុងឆ្នាំ២០១៤។ បន្ថែមទៅលើស្ថានភាពខ្វះខាតផ្នែកវេជ្ជសាស្រ្ត និងស្បៀងអាហារ ជនភៀសខ្លួនបានក្លាយជាគោលដៅរបស់ពួកអ្នកស៊ើបការណ៍ IS ឬជាគោលដៅក្នុងការចាប់ខ្លួនរបស់ក្រុមនេះ និងក្រោយមកប្រហារជីវិតក្នុងអំឡុងពេលដែលពួកគេព្យាយាមរត់គេចពីសមរភូមិទៅតំបន់ដែលគ្រប់គ្រងដោយកងកម្លាំងសន្តិសុខ៕