ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ០៦ ខែ កក្កដា ឆ្នាំ២០១៧
កម្លាំងសន្តិសុខប្រទេសបែលហ្សិកឃុំខ្លួនបុរស២នាក់ដែលជាប់ចោទពីបទបង្ករ ភេរវកម្មបន្ទាប់ពីរកឃើញឧបករណ៍ផ្ទុះ កាំភ្លើង AK-៤៧s ឯកសណ្ឋានដែលសុទ្ធតែជារបស់ប៉ូលិស។ វត្ថុតាងដែលរកឃើញទាំងប៉ុន្មានបង្ហាញពីសកម្មភាពបង្ករភេរវកម្មទ្រង់ទ្រាយធំ។ ការិយាល័យនគរបាលប៉ូលិសនៅទីក្រុងព្រុយសែល បានវាយឆ្មក់ចំនួន៦លើកកាលពីយប់ថ្ងៃអង្គារ៍ និងថ្ងៃពុធនៅសង្កាត់ Anderlecht នេះបើយោងតាមការបង្ហាញពីការិយាល័យព្រះរាជអាជ្ញាសហព័ន្ធ។ ការវាយឆ្មក់នោះចាប់បានមនុស្ស៤នាក់ដែលគេកំណត់អត្តសញ្ញាណបាន២នាក់ក្នុងនោះមានលោក Akim S អាយុ៤០ឆ្នាំ និង Khalid S អាយុ៣៧ឆ្នាំ។ លោក Akim S និង Khalid S ត្រូវឃុំខ្លួនពីបទចូលរួមសកម្មភាពជាមួយក្រុមភេវករនេះបើយោងតាមប្រសាសន៍របស់ព្រះរាជអាជ្ញាលើកឡើងកាលពីថ្ងៃពុធ។ ចំណែកមនុស្ស២នាក់ផ្សេងទៀតត្រូវគេដោះលែង ដោយមិនមានជាប់ចោទអ្វីទាំងអស់។ នៅពេលដែលមានការវាយឆ្មក់នៅហ្គារាសមួយក្នុងតំបន់ Anderlecht អាជ្ញាធរបានរកឃើញកាំភ្លើងវែងស្វ័យប្រវត្ត Kalashnikov ចំនួន៣ដើម កាំភ្លើងដៃចំនួន៣ដើម មានគ្រាប់រំសេវ និងអាវកាក់ចំនួន២។ ក្រៅពីអាវុធ ប៉ូលិសបានរកឃើញឯកសណ្ឋានប៉ូលិសចំនួន២កំប៉្លេ ឯកសណ្ឋានស៊ីវិលសម្រាប់ផ្លាស់ប្តូរ ឯកសណ្ឋានភ្នាក់ងារសន្តិសុខ វិទ្យុទាក់ទង ដោយភ័ស្តតាងទាំងនោះបញ្ជាក់បានពីគម្រោងវាយប្រហារទ្រង់ទ្រាយធំនេះបើយោងតាមប្រសាន៍របស់ព្រះរាជអាជ្ញាដែលដកស្រង់ដោយ Reuters៕