ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ០៩ ខែ កក្កដា ឆ្នាំ២០១៧
ទំនាក់ទំនងចិន និងយោធាកូរ៉េខាងជើងឈានដល់កម្រិតសូន្យ ប៉ុន្តែទីក្រុង ប៉េកាំងនៅតែប្រឆាំងយ៉ាងខ្លាំងចំពោះការដាក់ទណ្ឌកម្មលើទីក្រុងព្យុងយ៉ាង ហើយមន្រ្តីការពារជាតិចិនម្នាក់លើកឡើងថាការផ្លាស់ប្តូរនេះបង្ហាញពីភាពប្រេះឆាក្នុងទំនាក់ទំនងសម្ព័ន្ធមិត្តយូរអង្វែង។ ការថយចុះផ្នែកទំនាក់ទំនងរវាងយោធា និងយោធាបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីស្ថានភាពទំនាក់ទំនងបច្ចុប្បន្នរវាងក្រុងប៉េកាំង និងព្យុងយ៉ាងនេះបើយោងតាមប្រភពព័ត៌មានពីវរសេនីយ៍ឯក Zhou Bo នាយការិយាល័យនៃមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការសន្តិសុខអន្តរជាតិរបស់ក្រសួងការពារជាតិចិននិយាយនៅក្នុងបទសម្ភាសន៍ដ៏កម្រមួយជាមួយបណ្តាញសារព័ត៌មាន Channel News Asia។ លោកបានបន្ថែមឲ្យដឹងទៀតថាយោធាចិនមិនមានទំនាក់ទំនងជាមួយយោធាកូរ៉េខាងជើងទេ។ លោក Zhou បន្តទៀតថាប្រទេសចិន និងកូរ៉េខាងជើងធ្លាប់មានទំនាក់ទំនង និងការផ្លាស់ប្តូរជាច្រើនកាលពីមុន ហើយការផ្អាកទំនាក់ទំនងយោធាឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរនៅក្នុងទំនាក់ទំនងដោយមានហេតុផល។ ទីក្រុងប៉េកាំងមានសម្ព័ន្ធមិត្តដ៏សំខាន់បំផុតជាមួយក្រុងព្យុងយ៉ាងដែលជាដៃគូសេដ្ឋកិច្ចធំបំផុត និងប្រភពផ្គត់ផ្គង់អាហាររួមទាំងថាមពលសំខាន់ៗជាច្រើនទសវត្សមកហើយ។ ប្រទេសចិនផ្តល់ការគាំទ្រផ្នែកយោធាដ៏លើសលប់ដល់កូរ៉េខាងជើងក្នុងពេលមានសង្គ្រាមដោយបានដាក់ពង្រាយកងទ័ពរបស់ខ្លួនដើម្បីជួយសម្ព័ន្ធមិត្តកុម្មុយនិស្តក្នុងការប្រឆាំងជាមួយក្រុមឧទ្ទាមដែលមានអាមេរិកគាំទ្រ។ ទោះជាយ៉ាងណាក៏ដោយភាពតានតឹងក្នុងទំនាក់ទំនងក៏បានចាប់ផ្តើមលេចឡើងនៅពេលដែលប្រទេសចិនសាកល្បងអាវុធនុយក្លេអ៊ែរ និងការផលិតគ្រាប់មីស៊ីលរបស់ខ្លួន៕