ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ២០១៧
ប៉ូលិសអាហ្វហ្គានីស្ថាន២នាក់ស្លាប់ក្នុងការវាយប្រហារមួយដែលធ្វើឡើងដោយពួកតាលីបង់។ មន្រ្តីអាហ្វហ្គានីស្ថាននិយាយថាក្រុមតាលីបង់បានវាយប្រហារទីប្រចាំការខាងផ្នែកសន្តិសុខនៅភាគខាងកើតខេត្ត Laghman។ ការវាយប្រហារនេះសម្លាប់ប៉ូលិស២នាក់ និងបង្ករឲ្យជនស៊ីវិល៧នាក់រងរបួសនេះបើយោងតាមប្រភពព័ត៌មានអ្នកនាំពាក្យអភិបាលខេត្តលោក Sarhadi Zwak។ លោក Zwak បន្តទៀតថាជនស៊ីវិលដែលរងរបួសទាំង៧នាក់សុទ្ធតែជាស្រ្តី និងកុមារ។ លោកក៏បានបន្តថាកងកម្លាំងប្រដាប់អាវុធត្រូវបានដាក់ពង្រាយទៅកាន់កន្លែងកើតហេតុ ហើយកងកម្លាំងរដ្ឋាភិបាលបានធ្វើសង្គ្រាមយ៉ាងខ្លាំងរហូតទាល់តែពួកគេបណ្តេញពួកបះបោរបាន។ លោកបញ្ជាក់ថាមេបញ្ជាការកំពូលរបស់ពួកតាលីបង់ដែលគេស្គាល់ឈ្មោះថា Adam Khan ស្លាប់ក្នុងការវាយប្រហាររួមជាមួយអ្នកបះបោរ៤នាក់ផ្សេងទៀត។ ពួកតាលីបង់មិនបានអះអាងទទួលខុសត្រូវភ្លាមៗចំពោះការវាយប្រហារនេះទេ៕