ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ២០១៧
ទីភ្នាក់ងារប្រឆាំងភេរវកម្មហូឡង់ NCTV កំពុងស៊ើបអង្កេតការគំរាមកំហែងតាមអ៊ីនធើណែតដែលបានធ្វើឡើងដោយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមដើម្បីប្រឆាំងនឹងការប្រកួតកីឡាបាល់ទាត់ UEFA Women’s Euro ឆ្នាំ២០១៧ដែលនឹងប្រព្រឹត្តទៅនៅប្រទេសហូឡង់ក្នុងសប្តាហ៍ក្រោយ។ ជាពិសេសការគំរាមកំហែងនេះបានអំពាវនាវឲ្យមានការវាយប្រហារទៅលើពហុកីឡាដ្ឋានបាល់ទាត់នៅក្នុងទីក្រុង Utrecht នៅថ្ងៃទី១៩ ខែកក្កដានៅពេលដែលអង់គ្លេសគ្រោងនឹងទាត់ជាមួយស្កុតឡេន។ ក្រុមនេះបានបង្ហោះរូបថតចំនួន៤សន្លឹកនៅថ្ងៃទី១១ ខែកក្កដាឆ្នាំ២០១៧ដែលបង្ហាញផែនទីលម្អិតអំពីពហុកីឡាដ្ឋាន និងបង្ហាញពីរបៀបការដឹកនាំវាយប្រហារពីមុនៗ។ ខណៈដែល NCTV កំពុងទទួលរងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ទីភ្នាក់ងារនេះមិនទាន់មានកម្រិតគំរាមកំហែងដល់ថ្នាក់ជាតិនៅឡើយទេ។ លោក Dick Schoof អ្នកសម្របសម្រួលប្រឆាំងភេរវកម្មនិងសន្តិសុខជាតិបានបញ្ជាក់ពីភាពធ្ងន់ធ្ងរនៃការគំរាមកំហែងនេះ ហើយបាននិយាយថាគាត់កំពុងទាក់ទងជាមួយសមាគមកីឡាបាល់ទាត់នារីហូឡង់ដោយយល់ឃើញថាព្រឹត្តិការណ៍នេះនឹងឈានមកដល់ក្នុងពេលឆាប់ៗនេះ។ ទីក្រុង Deventer ទីក្រុង Breda ទីក្រុង Tilburg ទីក្រុង Rotterdam ទីក្រុង Doetinchem និងទីក្រុង Enschede ក៏នឹងត្រូវធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតនេះផងដែរ។ ការប្រកួតវគ្គផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅថ្ងៃអាទិត្យទី៦ ខែសីហានៅកីឡាដ្ឋាន De Grolsch Veste នៅក្នុងទីក្រុង Enschede៕