ជនជាតិកាណាដាម្នាក់ប្រទះឃើញស្លាប់ក្នុងបន្ទប់ឃុំឃាំងនៅប្រទេសថៃបន្ទាប់ពីចាប់ខ្លួនពាក់ព័ន្ធនឹងទីផ្សារ “ងងឹត”

0

ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ២០១៧

ប្រភពពីប៉ូលិសម្នាក់ប្រាប់ទៅកាន់សារព័ត៌មាន AFP នៅថ្ងៃសៅរ៍នេះថាជនសង្ស័យជនជាតិកាណាដាម្នាក់អាយុ២៦ឆ្នាំប្រទះឃើញស្លាប់នៅក្នុងកន្លែងឃុំឃាំងរបស់ប៉ុស្តិ៍ប៉ូលិសថៃក្នុងសប្តាហ៍នេះបន្ទាប់ពីចាប់ខ្លួនបុរសម្នាក់នេះពាក់ព័ន្ធទៅនឹងការលក់ថ្នាំញៀន និងគ្រឿងញៀនផ្សេងទៀតនៅក្នុងទីផ្សារងងឹត។ ប៉ូលិសថៃចាប់ខ្លួនលោក Alexandre Cazes នៅទីក្រុងបាងកកកាលពីថ្ងៃទី៥ ខែកក្កដា ហើយគ្រោងនឹងធ្វើបត្យាប័នបុរសម្នាក់នេះទៅកាន់សហរដ្ឋអាមេរិកដែលជាកន្លែងគាត់ជួញដូរគ្រឿងញៀន និងការលាងលុយកខ្វក់។ យោងតាមប៉ូលិសប្រឆាំងគ្រឿងញៀនថៃបានឲ្យដឹងថា អ្នកសរសេរកម្មវិធីកុំព្យូទ័ររូបនេះចងកសំលាប់ខ្លួនដោយកន្សែងពោះគោនៅក្នុងបន្ទប់ឃុំឃាំងមួយសប្តាហ៍ក្រោយពេលចាប់ខ្លួនគិតមកត្រឹមនៅថ្ងៃទី១២ ខែកក្កដានេះ។ កាលពីថ្ងៃសៅរ៍មន្រ្តីថៃបញ្ជាក់ថាលោក Cazes ត្រូវគេចោទប្រកាន់ថាជា “អ្នកប្រតិបត្តិ” ទីផ្សារងងឹតដ៏ធំមួយនៅលើបណ្តាញអ៊ីនធើណែត។ មន្ត្រីប៉ូលិសម្នាក់និយាយថា “វាជាទីផ្សារបណ្តាញងងឹតដ៏ធំមួយសម្រាប់ការជួញដូរថ្នាំញៀន និងការលក់វត្ថុខុសច្បាប់ដទៃទៀត”។ ការប៉ាន់ស្មានមួយលើកឡើងថា ទីផ្សារងងឹតនេះមានឈ្មោះថា AlphaBay ដែលគេចាត់ទុកថាជាទីផ្សារងងឹតធំបំផុត និងអាចរកប្រាក់ចំណេញច្រើនបំផុតនៅលើពិភពលោក ប៉ុន្តែទីផ្សារងងឹតនេះត្រូវគេបញ្ឈប់ក្នុងរយៈពេលប៉ុន្មានម៉ោងក្រោយពេលចាប់ខ្លួនលោក Cazes។ Silk Road ត្រូវបិទដោយភ្នាក់ងារ FBI កាលពីឆ្នាំ២០១៣។ AlphaBay ប្រើប្រាស់បណ្តាញ Encrypt Tor Network និងរូបិយប័ណ្ណនិម្មិតដូចជា Bitcoin ដើម្បីការពារអតិថិជនពីការស្រាវជ្រាវរកឃើញ។ យោងតាមលោក Nicolas Christin សាស្ត្រាចារ្យខាងវិទ្យាសាស្ត្រកុំព្យូទ័រនៅសាកលវិទ្យាល័យ Carnegie Mellon និយាយថា AlphaBay ទទួលភាពល្បីល្បាញនៅឆ្នាំ២០១៥ ហើយភាគច្រើនទីផ្សារងងឹតនេះត្រូវគេប្រើប្រាស់ដើម្បីជួញដូរគ្រឿងញៀន លួចកាតឥណទាន និងលេខសម្គាល់ក្លែងក្លាយ។ លោកប្រាប់សារព័ត៌មាន AFP ថា “វាមានការជួញដូរទឹកប្រាក់ច្រើនជាងទ្វេដងនៃ Silk Road ចន្លោះពី៦០០,០០០ទៅ៨០០,០០០ដុល្លារក្នុងមួយថ្ងៃសម្រាប់ដើមឆ្នាំ ២០១៧នេះ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here