ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ២០១៧
កាលពីថ្ងៃសុក្រប្រទេសឥណ្ឌូនេស៊ីបិទមិនឲ្យប្រើប្រាស់សេវាកម្មផ្ញើសារ Telegram ដោយលើកហេតុផលអំពីការព្រួយបារម្ភថាកម្មវិធីផ្ញើសារនេះអាចនឹងត្រូវយកប្រើប្រាស់ជា “ប្រព័ន្ធឃោសនាផ្សព្វផ្សាយរបស់ក្រុមរ៉ាឌីកាល់ និងភេរវករ” នៅប្រទេសដែលមានប្រជាជនម៉ូស្លីមធំជាងគេបំផុតក្នុងពិភពលោក។ ការផ្លាស់ប្តូរនេះកើតឡើងចំពេលដែលមានការព្រួយបារម្ភកាន់តែខ្លាំងចំពោះឥទ្ធិពលនៃរដ្ឋអ៊ីស្លាមនៅក្នុងអាស៊ីអាគ្នេយ៍ស្របពេលដែលក្រុមជីហាដបាត់បង់ទឹកដីនៅក្នុងប្រទេសស៊ីរី និងប្រទេសអ៊ីរ៉ាក់។ ប្រទេសឥណ្ឌូនេស៊ីខ្លួនឯងមើលឃើញអំពីការលេចចេញជាថ្មីនៃក្រុមសកម្មប្រយុទ្ធជាច្រើនដែលបង្កើតឡើងដោយក្រុមរដ្ឋអ៊ីស្លាមដូចជាការបំផ្ទុះគ្រាប់បែកអត្តឃាតភ្លោះនៅស្ថានីយ៍រថភ្លើងហ្សាកាតាកាលពីខែឧសភាសម្លាប់មន្ត្រីប៉ូលិស៣នាក់ និងរងរបួសមនុស្សជាច្រើននាក់ទៀត។ ប្រទេសឥណ្ឌូនេស៊ីក៏បង្កើនកិច្ចសហប្រតិបត្តិការប្រឆាំងភេរវកម្មជាមួយប្រទេសម៉ាឡេស៊ី និងប្រទេសហ្វីលីពីនផងដែរ។ Telegram គឺជាកម្មវិធីផ្ញើសារដែលមានប្រជាប្រិយភាពក្នុងចំណោមអ្នកគាំទ្រនៅរដ្ឋអ៊ីស្លាមដែលជាបន្ទប់ជជែកជាមួយសមាជិករាប់រយនាក់ក៏ដូចជាការសន្ទនាឯកជន។ ក្រសួងទូរគមនាគមន៍បានបន្ថែមថាទាំងកម្មវិធីទូរស័ព្ទ និងកម្មវិធីកុំព្យូទ័ររបស់ Telegram ត្រូវបិទនៅទូទាំងប្រទេសឥណ្ឌូនេស៊ី។ ក្រសួងមិនបាននិយាយថាខ្លួននឹងចាត់វិធានការប្រហាក់ប្រហែលគ្នានេះសម្រាប់ប្រព័ន្ធផ្ញើសារផ្សេងទៀតទេ។ កម្មវិធីផ្ញើសារជាច្រើនដូចជា Whatsapp និង Telegram ផ្តល់ជូននូវ end-to-end encryption ពីអ្នកផ្ញើទៅកាន់អ្នកទទួលដែលមានន័យថាសូម្បីតែក្រុមហ៊ុនដែលផ្តល់វេទិកានេះក៏មិនអាចមើលឃើញសារបានដែរ។ មន្រ្តីសន្តិសុខនៅក្នុងប្រទេសមួយចំនួនត្អូញត្អែរថាកម្មវិធីផ្ញើសារជាច្រើននេះផ្តល់នូវកន្លែងសុវត្ថិភាពសម្រាប់ពួកសកម្មប្រយុទ្ធក្នុងការទាក់ទងគ្នាទៅវិញទៅមក។ រដ្ឋាភិបាលជាច្រើនរួមទាំងអូស្ត្រាលី និងចក្រភពអង់គ្លេសជំរុញឱ្យក្រុមហ៊ុនបច្ចេកវិទ្យានានាធ្វើអ្វីៗបន្ថែមទៀតដើម្បីជួយដល់ទីភ្នាក់ងារសន្តិសុខប្រយុទ្ធប្រឆាំងទៅនឹងការគំរាមកំហែងផ្នែកសន្តិសុខ៕