ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ២០១៧
កម្លាំងសន្តិសុខអេហ្ស៊ីបបានសម្លាប់សកម្មជនលេចធ្លោរបស់ក្រុមរដ្ឋអ៊ីស្លាមម្នាក់ កាលពីថ្ងៃអង្គារ៍ដោយសកម្មជននោះជាប់សង្ស័យថាជាប់ពាក់ព័ន្ធជាមួយការវាយប្រហារថ្មីៗនៅ North Sinai នេះបើយោងតាមប្រភពសេចក្តីថ្លែងការណ៍របស់ក្រសួងមហាផ្ទៃ។ ប្រទេសអេហ្ស៊ីបប្រឈមនឹងការបះបោររបស់សកម្មជនអ៊ីស្លាមដែលដឹកនាំដោយក្រុមរដ្ឋអ៊ីស្លាមនៅឧបទ្វីប Sinai។ ឧបទ្វិប Sinai ជាកន្លែងដែលមានទាហាន និងប៉ូលិសរាប់រយនាក់ស្លាប់ចាប់តាំងពីឆ្នាំ២០១៣។ សេចក្តីថ្លែងការណ៍នោះបានបង្ហាញថាកងកម្លាំងសន្តិសុខបានវាយឆ្មក់លើអគារមួយកំពុងសាងសង់ក្នុងទីក្រុង Arish ដែលជាទីក្រុងមួយស្ថិតនៅខាងជើងតំបន់ Sinai ហើយជាកន្លែងដែលពួកសកម្មប្រយុទ្ធបង្កើតមូលដ្ឋានប្រតិបត្តិការ។ សេចក្តីថ្លែងការណ៍មួយទៀតបានឲ្យដឹងថាការប្រយុទ្ធគ្នាជាបន្តបន្ទាប់បាននាំឲ្យមេដឹកនាំក្រុមដ៏សកម្មម្នាក់របស់ក្រុមរដ្ឋអ៊ីស្លាមលោក Ahmed Hassan Ahmed Al-Nashu ដែលគេស្គាល់ថា Ghandur Al-Masri ស្លាប់ និងម្នាក់ទៀតរត់គេចខ្លួន។ លោក Masri ជាមេដឹកនាំក្រុមទទួលខុសត្រូវក្នុងការធ្វើប្រតិបត្តិការជាច្រើន និងជ្រើសរើសសមាជិកថ្មីសម្រាប់ក្រុម Ansar Bayt al-Maqdis ដែលជាក្រុមមានមូលដ្ឋាននៅទីក្រុង Sinai ហើយលោក Masri ថែមទាំងសន្យាថានឹងរក្សាភក្ដីភាពរបស់ខ្លួនចំពោះក្រុមរដ្ឋអ៊ីស្លាមកាលពីឆ្នាំ២០១៤ ។ នៅក្នុងខែនេះ ប្រទេសអេហ្ស៊ីបបានជួបការវាយប្រហារដ៏អាក្រក់បំផុតពីរថយន្តបំផ្ទុះគ្រាប់បែកចំនួន២គ្រឿងកើតឡើងលើកងកម្លាំងសន្តិសុខរបស់ខ្លួនដែលបណ្តាលឲ្យទាហាន២៣នាក់ស្លាប់នៅតំបន់ខាងជើង Sinai៕