ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ២០១៧
រដ្ឋាភិបាលនិយាយកាលពីថ្ងៃសុក្រថាសមេ្រចដកខ្លួនចេញពីការប្រកួតកីឡាអាស៊ីអាគ្នេយ៍ហៅកាត់ថា SEA GAME នៅឆ្នាំ២០១៩ដោយផ្តោតទៅលើការកសាងទីក្រុងឡើងវិញក្រោយត្រូវបំផ្លិចបំផ្លាញដោយការប្រយុទ្ធរយៈពេលជាង២ខែរវាងកងកម្លាំងសន្តិសុខ និងពួកសកម្មប្រយុទ្ធ។ លោក William Ramirez ប្រធានគណៈកម្មាធិការកីឡាហ្វីលីពីននិយាយថាមន្ត្រីកីឡារបស់ប្រទេសនេះបោះបង់ចោលផែនការរបស់ខ្លួនដើម្បីរៀបចំការប្រកួតនេះបន្ទាប់ពីកិច្ចប្រជុំជាបន្តបន្ទាប់ជាមួយប្រធានាធិបតីលោក Rodrigo Duterte។ លោក Ramirez និយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើទំព័រហ្វេសប៊ុករបស់គណៈកម្មការថា “ធនធានជាច្រើនត្រូវផ្តោតទៅលើការស្តារឡើងវិញ និងការកសាងឡើងវិញនៃទីក្រុងម៉ារ៉ាវីជំនួសឱ្យការចាយវាយប្រាក់សម្រាប់ការទ្រទ្រង់ធ្វើម្ចាស់ផ្ទះនៃ SEA GAME ឆ្នាំ២០១៩”។ ក្រុមសកម្មប្រយុទ្ធកំពុងបង្ហោះទង់ជាតិពណ៌ខ្មៅនៃរដ្ឋឥស្លាមបង្ហាញពីការកាន់កាប់ផ្នែកខ្លះក្នុងទីក្រុងម៉ារ៉ាវីនៅភាគខាងត្បូងកាលពី២ខែមុនដែលបង្កឱ្យមានការប្រយុទ្ធគ្នាយ៉ាងយូរជាមួយកងកម្លាំងយោធារបស់ហ្វីលីពីន។ មនុស្សប្រមាណជា៥៥០នាក់ត្រូវសម្លាប់ និងការវាយប្រហារតាមអាកាស និងការប្រើប្រាស់កាំភ្លើងធំបន្សល់ទុកការខូចខាតផ្ទះចំនួន២០០,០០០ខ្នង។ លោក Duterte ដាក់ច្បាប់អាជ្ញាសឹកលើភាគខាងជើងជាលើកទី៣ទៅលើប្រទេសហ្វីលីពីនដើម្បីលុបបំបាត់ការគំរាមកំហែងរបស់ក្រុមសកម្មប្រយុទ្ធ។ គួរបញ្ជាក់ផងដែរថាប្រទេសហ្វីលីពីនព្រមព្រៀងគ្នាក្នុងឆ្នាំ២០១៥ដើម្បីធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍ SEA GAME ឆ្នាំ២០១៩បន្ទាប់ពីប្រទេស២ទៀតគឺប្រទេសប្រ៊ុយណេ និងប្រទេសវៀតណាមទម្លាក់ចោលនូវការធ្វើជាម្ចាស់ផ្ទះ៕