ប្រហារជីវិតវេជ្ជបណ្ឌិតរដ្ឋអ៊ីស្លាមម្នាក់ និងចាប់ខ្លួនក្រុមគ្រួសាររបស់គាត់នៅក្នុងទីក្រុង Tal Afar

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ២០១៧

យោងតាមការដកស្រង់សម្តីពីប្រភពព័ត៌មានក្នុងខេត្ត Nineveh បានឲ្យដឹងកាលពីថ្ងៃចន្ទនេះថាគ្រូពេទ្យរដ្ឋអ៊ីស្លាមដ៏លេចធ្លោម្នាក់ត្រូវបានគេប្រហារជីវិតក្នុងស្ថានភាពអាថ៌កំបាំងខណៈដែលសមាជិកគ្រួសារទាំងអស់របស់គាត់ត្រូវបានចាប់ខ្លួន។ ក្រុម IS បានប្រកាសតាមរយៈប្រព័ន្ធផ្សព្វផ្សាយរបស់ពួកគេអំពីការប្រហារជីវិតលោក Abu Youssef al-Masry ដែលជាវេជ្ជបណ្ឌិតដ៏លេចធ្លោម្នាក់មកពីប្រទេសស៊ីរីកាលពី២ឆ្នាំមុនជាមួយ និងក្រុមគ្រួសាររបស់គាត់ទៅរស់នៅក្នុងទីក្រុង Tal Afar ភាគខាងលិចរាជធានីម៉ូស៊ូលដែលជាទីកន្លែងដែលគាត់បានតាំងទីលំនៅ និងបង្កើតមជ្ឈមណ្ឌលសម្រាប់ព្យាបាលសមាជិក IS ដែលរងរបួសនេះបើយោងតាមប្រភពព័ត៌មានអនាមិកមួយដែលបានប្រាប់សារព័ត៌មាន AlSumaria។ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថាលោក Al-Masry បានបាត់ខ្លួនមួយសប្តាហ៍មុនដោយអាថ៌កំបាំងមុនពេលទីភ្នាក់ងារសារព័ត៌មានរបស់ក្រុម IS ប្រកាសពីការប្រហារជីវិតលើរូបគាត់ដោយមិនបានផ្តល់ព័ត៌មានលម្អិត ហើយក្រុមនេះបានសំរុកចូលទៅក្នុងផ្ទះរបស់លោក Masry ដោយធ្វើការចាប់ខ្លួនសមាជិកគ្រួសារទាំងអស់របស់គាត់ ហើយបញ្ជូនពួកគេទៅកាន់ទីកន្លែងដែលគេមិនស្គាល់។ ប្រភពដដែលបានឲ្យដឹងទៀតថាមានការកើនឡើងនៃការសម្លាប់រង្គាលក្នុងចំណោមសមាជិកផ្ទៃក្នុងរបស់ក្រុមនេះកាលពីប៉ុន្មានសប្តាហ៍មុនដែលបង្ហាញពីភាពច្របូកច្របល់ក្នុងចំណោមពួកសកម្មប្រយុទ្ធនៅក្នុងទីក្រុងនេះ។ កាលពីថ្ងៃអាទិត្យនេះសារព័ត៌មានមួយបានរាយការណ៍ឲ្យដឹងថាក្រុមនេះបានជម្លៀសខ្លួនជាបន្ទាន់នៅពេលយប់នៅទីស្នាក់ការកណ្តាលសំខាន់ៗរបស់ពួកគេនៅក្នុងទីក្រុងនេះជុំវិញការ​​សង្ស័យថាមានកើនឡើងនៃការសហការរបស់ប្រជាជនជាមួយនឹងសេវាសន្តិសុខ។ របាយការ​ណ៍​ផ្សេងទៀតបានបង្ហាញពីការផ្ទុះដ៏ធំដែលកើតឡើងនៅកន្លែងគ្លីនិកមួយដែលក្រុមសកម្មប្រយុទ្ធរងរបួសសម្រាកព្យាបាលដែលជាហេតុជំរុញឱ្យក្រុមនេះបិទផ្លូវសំខាន់ៗមួយចំនួន។ គួរបញ្ជាក់ថាទីក្រុងTal Afar គឺជាបន្ទាយដ៏សំខាន់មួយនៅក្នុងខេត្ត Nineveh ដែលនៅតែស្ថិតនៅក្រោមការកាន់កាប់ដោយពួករដ្ឋអ៊ីស្លាមគិតចាប់តាំងពីខែសីហាឆ្នាំ២០១៤៕

LEAVE A REPLY

Please enter your comment!
Please enter your name here