សន្តិសុខសម្លាប់អ្នកបំផ្ទុះគ្រាប់បែកអត្តឃាត៤នាក់នៅខេត្ត Anbar

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ២០១៧

មេបញ្ជាការកងទ័ពជាន់ខ្ពស់អ៊ីរ៉ាក់និយាយកាលពីថ្ងៃសុក្រនេះថាកងកម្លាំងសន្តិសុខអ៊ីរ៉ាក់សម្លាប់អ្នកបំផ្ទុះគ្រាប់បែកអត្តឃាត៤នាក់ ខណៈដែលអ្នកបំផ្ទុះគ្រាប់ទី៥សម្លាប់ក្រុមគ្រួសារមួយទាំងមូលនៅភាគខាងលិចខេត្ត Anbar។ លោក Qassem al-Mohammadi ប្រធានប្រតិបត្តិការកងទ័ពនិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាកងកម្លាំងសន្តិសុខដែលគាំទ្រដោយកងកម្លាំងចលនាកុលសម្ព័ន្ធបានដាក់អន្ទាក់ចាប់អ្នកបំផ្ទុះគ្រាប់បែកអត្តឃាត៥នាក់នៅក្នុងតំបន់ al-Baghdadi ដែលមានចម្ងាយ៩០គីឡូម៉ែត្រពីភាគខាងលិចទីក្រុង Ramadi។ លោកបានឲ្យដឹងទៀតថាអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតលួចចូលទៅកាន់តំបន់ al-Baghdadi ដោយឆ្លងកាត់វាលខ្សាច់ ប៉ុន្តែអ្នកបំផ្ទុះគ្រាប់បែក៤នាក់ក្នុងចំណោម៥នាក់ត្រូវបានសម្លាប់ ខណៈអ្នកទី៥បំផ្ទុះខ្លួនគេនៅក្នុងផ្ទះមួយដោយបានសម្លាប់ក្រុមគ្រួសារមួយទាំងមូលដែលមានសមាជិកសរុប៦នាក់ក្នុងនោះរួមមានឪពុកម្តាយ២នាក់ និងកូនៗ៤នាក់។ កងកម្លាំងរដ្ឋាភិបាល និងកងកម្លាំងកុលសម្ព័ន្ធម្តងម្កាលជួបការវាយប្រហារដោយក្រុមអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតនៅតំបន់ Baghdadi ad Doulab ដែលជាធម្មតាធ្វើឲ្យមានជនស៊ីវិលស្លាប់ និងរបួស។ រដ្ឋអ៊ីស្លាមបានកាន់កាប់ទីក្រុង Annah ទីក្រុង Rawa និងទីក្រុង Qaim នៅលើព្រំដែនខេត្ត Anbar និងប្រទេសស៊ីរីចាប់តាំងពីឆ្នាំ២០១៤។ រហូតមកដល់ពេលនេះមិនមានយុទ្ធនាការទ្រង់ទ្រាយធំណាដើម្បីដណ្ដើមយកតំបន់ទាំងនេះមកគ្រប់គ្រងឡើងវិញនោះទេ។ គួរបញ្ជាក់ថារដ្ឋាភិបាលអ៊ីរ៉ាក់បានប្រកាសជ័យជម្នះលើក្រុម IS នៅក្នុងរាជធានីម៉ូស៊ូលនៅក្នុងប្រទេសអ៊ីរ៉ាក់កាលពីដើមខែនេះ ហើយបាននិយាយថាខ្លួននឹងបន្តឆ្ពោះទៅវាយប្រហារក្រុមផ្សេងទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here