មេដឹកនាំ IS ៣រូបស្លាប់អំឡុងពេលរត់គេចខ្លួនទៅកាន់ភាគខាងកើតរាជធានីម៉ូស៊ូលតាមទន្លេ Tigris

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ២០១៧

ប្រភពព័ត៌មានពីមន្ត្រីប៉ូលិសបានឲ្យដឹងថាមេដឹកនាំក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម៣រូបស្លាប់បន្ទាប់ពីពួកគេព្យាយាមរត់គេចខ្លួនចេញពីភាគខាងលិចរាជធានីម៉ូស៊ូលឆ្ពោះទៅកាន់ភាគខាងកើតរាជធានីនេះតាមទន្លេ Tigris។ លោក Saeed Najm អនុសេនីយឯកប៉ូលិសក្រុង Nineveh ប្រាប់សារព័ត៌មាន BasNews ថាជនទាំង៣នាក់នេះរត់គេចខ្លួនឆ្លងកាត់ទន្លេចេញពីទីក្រុងឆ្ពោះទៅកាន់សង្កាត់ Al-Faisaliya។ លោកបន្តថាកងកម្លាំងសន្តិសុខបានរឹតបន្តឹងការត្រួតពិនិត្យតាមដងទន្លេ Tigris ដើម្បីតាមប្រមាញ់សមាជិក IS ដែលនៅសេសសល់ពីការរត់គេចខ្លួនចេញពីទីក្រុងចាស់នៃរាជធានីម៉ូស៊ូល។ គួរបញ្ជាក់ថារដ្ឋាភិបាលអ៊ីរ៉ាក់ប្រកាសជ័យជម្នះលើក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមក្នុងការវាយដណ្តើមយកភាគខាងលិចរាជធានីម៉ូស៊ូលមកវិញកាលពីដើមខែនេះដោយនិយាយថាខ្លួនបានបញ្ចប់ការប្រយុទ្ធគ្នាក្នុងរយៈពេលប្រមាណជា៨ខែ ហើយបានវាយដណ្តើមទីក្រុងដែលពួកសកម្មប្រយុទ្ធកាន់កាប់តាំងពីឆ្នាំ២០១៤។ បន្ទាប់ពីការប្រកាសជ័យជម្នះនេះកងកម្លាំងអ៊ីរ៉ាក់បានខិតខំប្រឹងប្រែងបោសសម្អាតសមាជិក IS ដែលនៅសេសសល់ក្នុងតំបន់។ មេបញ្ជាការកងទ័ព្ទអ៊ីរ៉ាក់និយាយថាក្រុម IS បានបាត់បង់អ្នកប្រយុទ្ធរបស់ពួកគេប្រមាណជា២៥០,០០០​នាក់នៅក្នុងយុទ្ធនាការបោសសម្អាតនេះ។ ទោះជាយ៉ាងណាក្រុមនេះនៅតែបន្តកាន់កាប់កន្លែងមួយចំនួនក្នុងទីក្រុង Nineveh ទីក្រុង Kirkuk តំបន់ Salahuddin និងខេត្ត Anbar​ ហើយតំបន់ទាំងនេះក៏ជាគោលដៅវាយដណ្តើមមកវិញនាពេលអនាគតដោយកងកម្លាំងអ៊ីរ៉ាក់ និងកងកម្លាំងចម្រុះដឹកនាំដោយសហរដ្ឋអាមេរិក និងទាហានប៉ារ៉ាដែលគាំទ្រដល់រដ្ឋាភិបាលផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here