កងកម្លាំងអ៊ីរ៉ាក់សម្លាប់ពួកសកម្មប្រយុទ្ធ IS ១២នាក់អំឡុងពេលប៉ះទង្គិចគ្នានៅភាគខាងលិចខេត្ត Anbar

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ២០១៧

ពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម១២នាក់ស្លាប់កាលពីថ្ងៃចន្ទក្នុងអំឡុងពេលប៉ះទង្កិចគ្នារវាងពួកគេ និងកងទ័ពអ៊ីរ៉ាក់ដែលគាំទ្រដោយទាហានប៉ារ៉ានៅភាគខាងលិចខេត្ត Anbar។ ទីភ្នាក់ងារសារព័ត៌មាន Petra របស់ហ្ស៊កដានីដកស្រង់សម្តីលោកវរសេនីយឯក Gamal al-Dulaimi ថាក្រុមសកម្មប្រយុទ្ធជាច្រើនបានស្លាប់នៅក្នុងការប៉ះទង្គិចគ្នានៅតំបន់វាលខ្សាច់ជុំវិញទីក្រុង Annah ដែលជាបន្ទាយដ៏សំខាន់មួយរបស់ក្រុមរដ្ឋអ៊ីស្លាមស្ថិតនៅភាគខាងលិចនៃខេត្ត Anbar និងនៅជិតព្រំដែនជាមួយប្រទេសស៊ីរី។ ការប៉ះទង្គិចគ្នាយ៉ាងខ្លាំងផ្ទុះឡើងនៅពេលកងកម្លាំងដែលគាំទ្រដោយកងទ័ពចល័តកុលសម្ព័ន្ធបានរុលទៅមុខឆ្ពោះទៅកាន់តំបន់មួយដែលមានចម្ងាយ២១០គីឡូម៉ែត្រពីភាគខាងលិចទីក្រុង Ramadi។ សារព័ត៌មាន Ikhnew ដកស្រង់ប្រភពព័ត៌មានពីមន្ត្រីយោធាមួយរូបថាមេបញ្ជាការយោធាអ៊ីរ៉ាក់ជាន់ខ្ពស់បានទៅដល់ខេត្ត Anbar និងបានពិភាក្សាអំពីប្រតិបត្តិការដែលគ្រោងទុកជាមុនក្នុងការវាយដណ្តើមយកទីក្រុង Annah ទីក្រុង Rawa និងទីក្រុង Qaim មកវិញពីពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម។ មេបញ្ជាការដឹកនាំដំណើរឆ្ពោះទៅកាន់តំបន់វាលខ្សាច់ Annah ដើម្បីកាត់ផ្តាច់ការផ្គត់ផ្គង់ផ្លូវ និងឡោមព័ទ្ធក្រុមឧទ្ទាមមុននឹងធ្វើការវាយលុក។ ក្រុមឧទ្ទាមរដ្ឋអ៊ីស្លាមបានកាន់កាប់ទីក្រុង Annah ទីក្រុង Rawa និងទីក្រុង Qaim ចាប់តាំងពីឆ្នាំ២០១៤ ហើយប្រកាសថាតំបន់ទាំងនេះជាទីតាំងរបស់ពួកគេ។ រហូតមកដល់ពេលនេះមិនមានយុទ្ធនាការទ្រង់ទ្រាយធំណាមួយដើម្បីវាយដណ្ដើមយកតំបន់ទាំងនេះវិញទេ ប៉ុន្តែការវាយលុកម្តងម្កាលរបស់កងម្លាំងរដ្ឋាភិបាលបានដណ្តើមមកវិញនូវភូមិមួយចំនួននៅជុំវិញតំបន់ដែលកាន់កាប់ដោយក្រុមនេះ។ គួរបញ្ជាក់ថារដ្ឋាភិបាលអ៊ីរ៉ាក់បានប្រកាសជ័យជម្នះវាយដណ្តើមយករាជធានីម៉ូស៊ូលដែលកាន់កាប់ដោយក្រុម IS កាលពីដើមខែនេះ ហើយនិយាយថាខ្លួននឹងបន្តឆ្ពោះទៅរកការវាយរំដោះតំបន់ផ្សេងៗទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here