ចៅហ្វាយក្រុង Tal Afar និងមេប៉ូលិសរបស់រដ្ឋអ៊ីស្លាមស្លាប់ពេលរត់ភៀសខ្លួន

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ១៦ ខែ សីហា ឆ្នាំ២០១៧

ប្រភពពីសន្តិសុខបានឲ្យដឹងថាកម្លាំងអ៊ីរ៉ាក់បានសម្លាប់ចៅហ្វាយក្រុង Tal Afar ថ្មីរបស់រដ្ឋអ៊ីស្លាម និងមេប៉ូលិសតំបន់កាលពីថ្ងៃពុធនេះខណៈកំពុងរត់ភៀសខ្លួន។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋអ៊ីរ៉ាក់ NINA បានដកស្រង់ពីប្រភពមួយនិយាយថាកងទ័ពបាញ់សម្លាប់ចៅហ្វាយក្រុងដែលទើបតែងតាំងឈ្មោះលោក Abu Fatema al-Jaafari និងមេប៉ូលិសលោក Zahed Khedr រួមជាមួយដៃគូ៦នាក់ផ្សេងទៀតខណៈកំពុងលួចរត់គេចខ្លួនចេញមកខាងក្រៅទីក្រុង Tal Afar ដោយសារកងកម្លាំងរបស់រដ្ឋាភិបាលវាយប្រហារទៅលើកងកម្លាំងរបស់ពួកគេ។ ទីភ្នាក់​ងា​រសារព័ត៌មាននេះក៏បានឲ្យដឹងទៀតថាក្រុមនេះបានសម្លាប់សមាជិក២០នាក់របស់ពួកគេកាលពីល្ងាចថ្ងៃអង្គារនៅក្នុងការប៉ុនប៉ងរត់គេចខ្លួនចេញពីទីក្រុង ហើយក្រុមនេះបានបង្កើតក្រុមល្បាតពិសេសដើម្បីចាប់ខ្លួន និងសម្លាប់ពួកសកម្មប្រយុទ្ធណាដែលរត់ចោលជួរ។ ទីក្រុង Tal Afar មានចម្ងាយ៦៥គីឡូម៉ែត្រពីភាគខាងលិចរាជធានីម៉ូស៊ូល និងជាទីកន្លែងរស់នៅចំរុះជាតិសាសន៍របស់ជនជាតិតូនីស្ថាន និងប្រជាជនអារ៉ាប់។ កងកម្លាំងអ៊ីរ៉ាក់បានកាន់កាប់រាជធានីម៉ូស៊ូលឡើងវិញដែលជាអតីតរដ្ឋធានីរបស់រដ្ឋអ៊ីស្លាមកាលពីដើមខែកក្កដានេះបន្ទាប់ពីធ្វើការវាយលុកអស់រយៈពេលជាង៨ខែដោយមានការគាំទ្រដោយកងកម្លាំងរបស់សហរដ្ឋអាមេរិក។ នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោក Haider al-Abadi និងមន្រ្តីការពារជាតិរបស់លោកបានកំណត់ទីក្រុង Tal Afar ជាគោលដៅបន្ទាប់របស់ពួកគេចំពោះសកម្មភាពប្រឆាំងនឹងរដ្ឋអ៊ីស្លាម។ ក្រុមមន្រ្តីការពារជាតិអ៊ីរ៉ាក់បាននិយាយកាលពីពេលថ្មីៗនេះថាយន្តហោះចម្បាំងរបស់ខ្លួនកំពុងវាយឆ្មក់ទៅលើទីតាំងរបស់ពួកសកម្មប្រយុទ្ធ ដើម្បីត្រៀមលក្ខណៈសម្រាប់ធ្វើការវាយលុកថ្ងៃក្រោយ។ ទីក្រុង Tal Afar ត្រូវបានគេរាយការណ៍ថាមានការបែកបាក់ផ្ទៃក្នុងចំ​ណោមមេដឹកនាំរដ្ឋអ៊ីស្លាមដោយមានលេចឮព័ត៌មានម្តងម្កាលអំពីជម្លោះដណ្តើមអំណាច និងការបែកបាក់ក្នុងចំណោមមេដឹកនាំក៏ដូចជាការប៉ុនប៉ងរបស់ពួកសកម្មប្រយុទ្ធមួយចំនួនដើម្បីរត់គេចខ្លួនចេញពីសមរភូមិប្រយុទ្ធ៕

LEAVE A REPLY

Please enter your comment!
Please enter your name here