ប៉ូលិសសម្លាប់អ្នកបំផ្ទុះគ្រាប់បែកអត្តឃាត២នាក់នៅភាគខាងលិចទីក្រុងបាដាដ

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ២៣ ខែ សីហា ឆ្នាំ២០១៧

ប៉ូលិសទីក្រុងបាដាដបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាប៉ូលិសអ៊ីរ៉ាក់បានសម្លាប់អ្នកបំផ្ទុះគ្រាប់បែកអត្តឃាត២នាក់មុនពេលពួកគេវាយប្រហារទៅលើកងកម្លាំងនៅភាគខាងលិចទីក្រុងបាដាដកាលពីថ្ងៃពុធនេះ។ សេវាប្រតិបត្តិការនៅក្នុងទីក្រុងបាដាដបាននិយាយថាអ្នកវាយប្រហារអត្តឃាត២នាក់ដែលពាក់ខ្សែក្រវ៉ាត់បំផ្ទុះគ្រាប់បែកត្រូវគេសម្លាប់មុនពេលវាយប្រហារមកលើប៉ូលិសនៅលើផ្លូវ Al-Saklat ក្នុងតំបន់ Abu Gharib។ បើយោងតាមរាបាយការណ៍ប្រចាំខែរបស់បេសកកម្មជំនួយអង្គការសហប្រជាជាតិប្រចាំនៅក្នុងប្រទេសអ៊ីរ៉ាក់បានឲ្យដឹងថាអំពើហិង្សា និងជម្លោះប្រដាប់អាវុធបណ្តាលឲ្យប្រជាជនអ៊ីរ៉ាក់ និងសមាជិកសន្ដិសុខស្លាប់ និងរបួសប្រមាណជា៥០០នាក់ក្នុងខែកក្កដានេះ។ អង្គការដដែលនេះបានឲ្យដឹងទៀតថាជនស៊ីវិលអ៊ីរ៉ាក់សរុប២៤១នាក់ស្លាប់ និង២៧៧នាក់ផ្សេងទៀតរងរបួសនៅក្នុងអំពើភេរវកម្ម អំពើហិង្សា និងជម្លោះប្រដាប់អាវុធនៅក្នុងប្រទេសអ៊ីរ៉ាក់កាលពីខែកក្កដានេះ។ ចំណែកឯទីក្រុងបាដាដត្រូវបានគេមើលឃើញថាមានការបំផ្ទុះគ្រាប់បែក និងការវាយប្រហារប្រដាប់អាវុធស្ទើររៀងរាល់ថ្ងៃប្រឆាំងនឹងសមាជិកសន្តិសុខ ហើយក៏ជាទីក្រុងងាយរងគ្រោះទី២ដែលមានមនុស្ស៣៨នាក់ស្លាប់ និង៨៥នាក់ផ្សេងទៀតរងរបួស។ ចាប់តាំងពីរដ្ឋាភិបាលអ៊ីរ៉ាក់ចាប់ផ្តើមយុទ្ធនាការទ្រង់ទ្រាយធំដណ្តើមយករាល់តំបន់ដែលកាន់កាប់ដោយពួក IS ក្នុងឆ្នាំ២០១៦មកកាន់កាប់ឡើងវិញបានធ្វើអោយមានការវាយប្រហារដោយការបំផ្ទុះគ្រាប់បែកជាច្រើនលើកដោយគ្មានក្រុមណាអះអាងទទួលខុសត្រូវ។ គួរបញ្ជាក់ថាក្រុមអ្នកសង្កេតការសន្តិសុខមួយចំនួននិយាយថាទោះបីជាកន្លែងសំខាន់ៗរបស់ IS នៅទូទាំងខេត្តក្នុងប្រទេសអ៊ីរ៉ាក់បានរំដោះក៏ដោយក៏ក្រុមនេះនៅតែអាចគំរាមកំហែងដល់សន្តិសុខតាមរយៈក្រុមតូចៗដែលនៅសេសសល់៕

LEAVE A REPLY

Please enter your comment!
Please enter your name here