យន្តហោះកងកម្លាំងសម្ព័ន្ធមិត្តបាញ់ផ្លោងដាក់ស្ពានដើម្បីកាត់ផ្តាច់ការផ្គត់ផ្គង់របស់ពួក IS នៅក្នុងខេត្ត Anbar

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ២៤ ខែ សីហា ឆ្នាំ២០១៧

តាមប្រភពពីសន្តិសុខបានឲ្យដឹងថាយន្ដហោះកងកម្លាំងសម្ព័ន្ធមិត្តដែលដឹកនាំដោយសហរដ្ឋអាមេរិកបានបាញ់ផ្លោងដាក់ស្ពានចំនួន២នៅភាគខាងលិចខេត្ត Anbar ដើម្បីកាត់ផ្តាច់ការផ្គត់ផ្គង់របស់ក្រុមរដ្ឋអ៊ីស្លាម។ ថ្លែងទៅកាន់សារព័ត៌មាន Alghad Press កាលពីថ្ងៃព្រហស្បតិ៍នេះប្រភពបានឲ្យដឹងថាយន្តហោះរបស់កងម្លាំងសម្ព័ន្ធមិត្តបានបាញ់ផ្លោងដោយកំណត់គោលដៅទៅលើស្ពាន al-Rommana និងស្ពាន Hawija នៅក្នុងទីក្រុង Qaim ស្ថិតនៅភាគខាងលិចខេត្ត Anbar ដើម្បីកាត់ផ្តាច់ការផ្គត់ផ្គង់របស់ពួក IS រវាងតំបន់ al-Jazeera និងតំបន់ Shamiya។ ក្នុងសេចក្តីថ្លែងការណ៍មួយនាពេលថ្មីៗនេះ ក្រសួងការពារជាតិប្រទេសអ៊ីរ៉ាក់បាននិយាយថាសមាជិក IS ១០នាក់ស្លាប់នៅក្នុងការវាយប្រហារតាមអាកាសដែលបានកំណត់គោលដៅទៅលើទីក្រុង Qaim ភាគខាងលិចខេត្ត Anbar។ ទន្ទឹមនឹងនេះដែរប្រព័ន្ធផ្សព្វផ្សាយ War Media Cell និយាយថាពួកសកម្មប្រយុទ្ធ២៥នាក់ត្រូវបានសម្លាប់ដោយយន្តហោះចម្បាំងនៅភាគខាងលិចខេត្ត Anbar ផងដែរ។ ដោយឡែលយោងតាមប្រភពយោធានៅចុងខែកក្កដានេះបានឲ្យដឹងថាឧត្តមសេនីយ៍ឯក Abdel-Amir Yarallah មេបញ្ជាការនៃប្រតិបត្តិការខេត្ត Nineveh បានបញ្ជាឲ្យឡោមព័ទ្ធទីតាំងរបស់រដ្ឋអ៊ីស្លាមដែលស្ថិតនៅភាគខាងលិចខេត្ត Anbar ដើម្បីត្រៀមវាយប្រហារ។ គួរបញ្ជាក់ថាទីក្រុងជាច្រើនដែលស្ថិតនៅភាគខាងលិចខេត្ត Anbar រួមមានទីក្រុង Anah ទីក្រុង Qaim និងទីក្រុង Rawa នៅតែស្ថិតនៅក្រោមការកាន់កាប់ដោយក្រុមជ្រុលនិយមរដ្ឋអ៊ីស្លាមចាប់តាំងពីឆ្នាំ២០១៤។ កងទ័ពអ៊ីរ៉ាក់អាចធ្វើឲ្យស្ថានភាពវិលត្រឡប់ទៅរកភាពធម្មតាវិញនៅក្នុងទីក្រុងធំៗមួយចំនួនក្នុងខេត្ត Anbar ដូចជាទីក្រុង Fallujah ទីក្រុង Ramadi និងទីក្រុងផ្សេងៗទៀតក្រោយពីបានកាន់កាប់ក្រុងទាំងនេះឡើងវិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here