កូរ៉េខាងជើងបាញ់មីស៊ីលរំលងប្រទេសជប៉ុន

0

ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ២០១៧

មន្ត្រីរបស់កូរ៉េខាងត្បូង និងជប៉ុននិយាយថាកាលពីថ្ងៃសុក្រទី១៥ ខែកញ្ញានេះប្រទេសកូរ៉េខាងជើងបាញ់គ្រាប់មីស៊ីលហោះរំលងភាគខាងជើងកោះហុកកៃដូ ឆ្ពោះទៅកាន់មហាសមុទ្រប៉ាស៊ីហ្វិក ហើយទង្វើរនេះបង្ករអោយមានភាពតានតឹងបន្ថែមទៀតបន្ទាប់ពីការសាកល្បងគ្រាប់បែកនុយក្លេអ៊ែរដ៏ខ្លាំងក្លារបស់ទីក្រុងព្យុងយ៉ាង។ អគ្គលេខាធិការនៃគណៈរដ្ឋមន្ត្រីជប៉ុនលោក Yoshihide Suga ប្រាប់ក្រុមអ្នកយកព័ត៌មាននៅក្នុងសន្និសីទប្រព័ន្ធផ្សព្វផ្សាយមួយដែលរៀបចំឆាប់រហ័សថាគ្រាប់មីស៊ីលនេះហោះឆ្លងកាត់ជប៉ុនធ្លាក់នៅតំបន់ប៉ាស៊ីហ្វិកប្រមាណជា២,០០០គីឡូម៉ែត្រភាគខាងកើតកោះហុកកៃដូ។ ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសជប៉ុននិយាយថាប្រព័ន្ធ J-Alert របស់ប្រទេសជប៉ុនប្រាប់ទៅអ្នកដែលរស់នៅកោះហុកកៃដូឲ្យស្វែងរកទីជម្រក ហើយវានៅមិនទាន់មានរបាយការណ៍ពីការខូចខាតដោយសារកំទេចកំទីនៃការធា្លក់គ្រាប់នេះទេ។ លោក Suga និយាយថា “ការបង្កហេតុម្តងហើយម្តងទៀតរបស់ប្រទេសកូរ៉េខាងជើងគឺមិនអាចទទួលយកបានទេ ហើយយើងនឹងតវ៉ានៅក្នុងរឿងនេះ”។ គ្រាប់មីស៊ីលមិនស្គាល់អត្តសញ្ញាណនេះហោះឡើងនៅក្នុងរយៈកម្ពស់ប្រមាណជា៧៧០គីឡូម៉ែត្រ និងហោះបានចំងាយ៣,៧០០គីឡូម៉ែត្រដែលមានសមត្ថភាពគ្រប់គ្រាន់ដើម្បីទៅដល់ដែនដីអាមេរិកប៉ាស៊ីហ្វិកនៃកោះហ្គាម (Guam) បាននេះបើយោងតាមការបញ្ជាក់របស់កងកម្លាំងយោធាកូរ៉េខាងត្បូង។ កាលពីខែមុនប្រទេសកូរ៉េខាងជើងបាញ់គ្រាប់មីស៊ីលពីតំបន់ស្រដៀងគ្នាមួយនៅជិតរដ្ឋធានីព្យុងយ៉ាងដែលហោះហើររំលងកោះហុកកៃដូទៅកាន់មហាសមុទ្រផងដែរ។ ប្រទេសកូរ៉េខាងត្បូងនិយាយថាខ្លួនក៏បាញ់សាកល្បងគ្រាប់មីស៊ីលទៅក្នុងសមុទ្រដើម្បីឆ្លើយតបជាមួយនឹងការបាញ់បង្ហោះរបស់ប្រទេសកូរ៉េខាងជើង។ ក្រុមប្រឹក្សាសន្តិសុខខៀវហៅការប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិជាបន្ទាន់ខណៈដែលប្រទេសជប៉ុនក៏កោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិផងដែរ។ ការបាញ់របស់កូរ៉េខាងជើងធ្វើឡើងមួយថ្ងៃបន្ទាប់ពីប្រទេសកូរ៉េខាងជើងគំរាមកំហែងដល់ប្រទេសជប៉ុន និងកំទេចសហរដ្ឋអាមេរិកឱ្យទៅជា “ផេះ និងភាពងងឹត” ដែលប្រទេសទាំង២នេះគាំទ្រដល់ដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងប្រទេសកូរ៉េខាងជើងសម្រាប់ការសាកល្បងគ្រាប់នុយក្លេអ៊ែរនៅថ្ងៃទី៣ ខែកញ្ញា។ ប្រទេសកូរ៉េខាងជើងចោទប្រកាន់សហរដ្ឋអាមេរិកថាការបញ្ជូនកងទ័ព២៨,៥០០នាក់នៅក្នុងប្រទេសកូរ៉េខាងត្បូងគឺជាផែនការដើម្បីឈ្លានពាន និងគំរាមកំហែងដើម្បីបំផ្លាញកូរ៉េខាងជើង និងសម្ព័ន្ធមិត្តអាស៊ីរបស់ខ្លួន។ ប្រទេសអូស្ត្រាលីដែលជាសម្ព័ន្ធមិត្តដ៏ខ្លាំងក្លា និងជាសំឡេងរបស់សហរដ្ឋអាមេរិកក៏ថ្កោលទោសភ្លាមៗចំពោះការចាប់ផ្តើមបាញ់គ្រាប់មីស៊ីលនេះផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here