ប្រទេសភូមាត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលយកជនភៀសខ្លួនរ៉ូហ៊ីងយ៉ាត្រឡប់មកវិញ

0

ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ០២ ខែ តុលា ឆ្នាំ២០១៧

រដ្ឋមន្ត្រីនៃក្រសួងមហាផ្ទៃភូមាកាលពីថ្ងៃចន្ទនេះបានស្នើដល់ជនមូស្លីមរ៉ូហ៊ីងយ៉ារាប់ពាន់នាក់ដែលភៀសខ្លួនទៅកាន់ប្រទេសបង់ក្លាដេសបន្ទាប់ពីការបង្ក្រាបដោយយោធាឲ្យត្រឡប់មកកាន់ប្រទេសវិញស្របពេលដែលអង្គការសហប្រជាជាតិពណ៌នាពីទំហំនៃការឈឺចាប់នៅក្នុងរដ្ឋរ៉ាឃីនថានេះគឺជារឿងនឹកស្មានមិនដល់។ ទីក្រុងរ៉ាឃីននៅភាគខាងជើងត្រូវបំផ្លិចបំផ្លាញដោយអំពើហិង្សាចាប់តាំងពីថ្ងៃទី២៥ ខែសីហានៅពេលដែលមានការវាយឆ្មក់ដោយពួកសកម្មប្រយុទ្ធរ៉ូហ៊ីងយ៉ា និងបង្កឱ្យមានការបង្ក្រាបដ៏ខ្លាំងក្លារបស់កងទ័ពយោធាដែលអង្គការសហប្រជាជាតិនិយាយថានេះគឺដូចជាការសម្អាតជនជាតិភាគតិច។ ប្រទេសភូមាគ្រប់គ្រងយ៉ាងតឹងរ៉ឹងចំពោះការចូលក្នុងរដ្ឋនេះចាប់តាំងពីពេលនោះមកនៅពេលដែលកងទ័ពបញ្ជូនជនភៀសខ្លួនរ៉ូហ៊ីងយ៉ាកន្លះលាននាក់ទៅប្រទេសបង់ក្លាដេស។ ប៉ុន្តែតំណាងអង្គការសហប្រជាជាតិត្រូវគេអនុញ្ញាតឱ្យចូលទីក្រុងរ៉ាឃីនជាលើកដំបូងចាប់តាំងពីបញ្ហានេះផ្ទុះឡើងក្នុងដំណើរទស្សនកិច្ចមួយដែលកើតឡើងនៅពេលដែលរដ្ឋមន្ត្រីក្រសួងការបរទេសបង់ក្លាដែសលោក Mahmood Ali ចរចាជាមួយរដ្ឋមន្រ្តីក្រសួងមហាផ្ទៃរបស់ប្រទេសភូមាលោក Kyaw Tint Swe។ ក្នុងដំណើរទស្សនកិច្ចមួយថ្ងៃដែលរៀបចំដោយអាជ្ញាធរភូមា ក្រុមមន្រ្តីអង្គការសហប្រជាជាតិ អ្នកការទូត និងក្រុមជំនួយត្រូវបញ្ជូនតាមឧទ្ធម្ភាគចក្រទៅកាន់ Maungdaw ដែលជាចំណុចកណ្តាលនៃអំពើហិង្សា។ អង្គការសហប្រជាជាតិស្វាគមន៍ការធ្វើដំណើរនេះប៉ុន្តែនិយាយឡើងវិញពីសេចក្តីត្រូវការសម្រាប់ការទទួលជំនួយមនុស្សធម៌កាន់តែច្រើនផងដែរ។ សេចក្តីថ្លែងការណ៍និយាយថា “ទំហំនៃការឈឺចាប់របស់មនុស្សគឺមិនអាចនឹកស្មានដល់ទេ ហើយអង្គការសហប្រជាជាតិសូមផ្ញើសេចក្តីសោកស្តាយយ៉ាងជ្រាលជ្រៅបំផុតដល់អ្នកដែលរងផលប៉ះពាល់” ហើយអង្គការសហប្រជាជាតិក៏អំពាវនាវឱ្យបញ្ចប់ “វដ្តនៃអំពើហិង្សា” នេះផងដែរ។ សេចក្តីថ្លែងការនេះក៏ជម្រុញឱ្យមានការបញ្ជូនជនភៀសខ្លួនត្រឡប់មកវិញដោយសុវត្ថិភាពដោយស្ម័គ្រចិត្ត និងប្រកបដោយនិរន្តភាពផងដែរ។ គួរបញ្ជាក់ផងដែរថាជនភៀសខ្លួននៅប្រទេសបង់ក្លាដេសត្រូវដាក់បញ្ចូលទៅក្នុងជំរំរបស់អង្គការសហប្រជាជាតិ និងជំរំបណ្តោះអាសន្ននៅតាមបណ្តោយព្រំដែនប្រទេសភូមា ហើយក៏មានហានិភ័យនៃការផ្ទុះឡើងនៃជំងឺផងដែរ។ មានការសង្ស័យថា តើជនរ៉ូហ៊ីងយ៉ានឹងទៅណាទេព្រោះភូមិជាច្រើនរបស់ពួកគេត្រូវដុតបំផ្លាញចោល?

LEAVE A REPLY

Please enter your comment!
Please enter your name here