ក្រុម ISIS អះអាងទទួលខុសត្រូវទៅលើការវាយប្រហារនៅ Las Vegas ខណៈពេល FBI និយាយថាខ្មាន់កាំភ្លើងមិនជាប់ពាក់ព័ន្ធនឹងក្រុមភេរវកម្ម

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ០២ ខែ តុលា ឆ្នាំ២០១៧

ក្រុមរដ្ឋអ៊ីស្លាម (IS ឬ ISIS/ISIL) អះអាងទទួលខុសត្រូវចំពោះហេតុការណ៍បាញ់ប្រហារនៅក្នុងទីក្រុង Las Vegas ដែលសម្លាប់មនុស្ស៥៨នាក់ និងបង្ករបួសដល់មនុស្សរាប់រយនាក់ផ្សេងទៀត នេះបើយោងតាមគេហទំព័ររបស់ក្រុមរដ្ឋអ៊ីស្លាម។ ចំណែកប៉ូលិស FBI បញ្ជាក់ថាខ្មាន់កាំភ្លើងមិនជាប់ពាក់ព័ន្ធជាមួយក្រុមភេរវករអន្តរជាតិណាមួយនោះទេ។ យ៉ាងណាមិញក្រុមរដ្ឋអ៊ីស្លាម (IS ឬ ISIS/ISIL) អះអាងទទួលខុសត្រូវចំពោះការបាញ់ប្រហារទ្រង់ទ្រាយធំនេះនៅ Las Vegas ហើយព្រឹត្តិការណ៍បាញ់ប្រហារមួយនេះសម្លាប់មនុស្សដ៏ច្រើនបំផុតនៅក្នុងប្រវត្តិសាស្រ្តសម័យទំនើបនៅសហរដ្ឋអាមេរិក។ ក្រុមភេរវករមិនបញ្ជាក់ប្រាប់ឈ្មោះអ្នកវាយប្រហារនោះទេ ប៉ុន្តែក្រុមនេះអះអាងថាគាត់ចាប់ផ្តើមប្រតិបត្តិការដើម្បីឆ្លើយតបទៅលើការអំពាវនាវទៅកាន់បណ្តាប្រទេសជាគោលដៅ។ ទោះជាយ៉ាងណាក៏ដោយនៅមិនទាន់មានភស្តុតាងច្បាស់ណាមួយទៅលើការអះអាងរបស់ក្រុមភេរវករនេះនៅឡើយទេ។ អ្នកវាយប្រហារនេះមិនចូលរួមជាមួយនឹងក្រុមនយោបាយ ឬសាសនាណាមួយនោះទេ នេះបើតាមការបញ្ជាក់របស់លោក Eric Paddock មកពីអូឡែនដូ (Orlando) ត្រូវជាប្អូនប្រុសរបស់ខ្មាន់កាំភ្លើងប្រាប់ទៅ CBS News។ ទីភ្នាក់ងារសន្តិសុខរបស់សហរដ្ឋអាមេរិកកំពុងតែវាយតម្លៃទៅលើការអះអាងរបស់ក្រុមរដ្ឋអ៊ីស្លាម ប៉ុន្តែនៅមិនទាន់ផ្ទៀងផ្ទាត់នៅឡើយទេ។ មន្រ្តីជាន់ខ្ពស់២រូបរបស់សហរដ្ឋអាមេរិកសុំមិនបញ្ចេញឈ្មោះប្រាប់ថាគ្មានភស្តុតាងណាមួយដែលបង្ហាញពីទំនាក់ទំនងរវាងខ្មាន់កាំភ្លើង និងក្រុមសកម្មប្រយុទ្ធអន្តរជាតិណាមួយនោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here