ការទស្សនាវីដេអូភេរវកម្មនៅលើអនឡាញអាចប្រឈមមុខនឹងការជាប់ពន្ធនាគាររយៈពេល១៥ឆ្នាំ

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ០៣ ខែ តុលា ឆ្នាំ២០១៧

តាមការបញ្ជាក់របស់លេខាធិការលោកស្រី Amber Rudd ប្រកាសនាពេលថ្មីៗនេះបញ្ជាក់ថាមនុស្សដែលចូលចិត្តមើលការឃោសនារបស់ក្រុមភេរវករនៅលើអនឡាញអាចនឹងប្រឈមមុខនឹងជាប់ពន្ធនាគាររហូតដល់ទៅ១៥ឆ្នាំ។ នៅក្នុងសន្និសីទគណបក្សអភិរក្ស (Conservative Party Conference) កាលពីថ្ងៃអង្គារម្សិលមិញនេះលោកស្រី Rudd និយាយថាអ្នកដែលទស្សនាដដែលៗទៅលើភាពជ្រុលនិយមដូចជាសេចក្តីណែនាំក្នុងការបំផ្ទុះគ្រាប់បែក និងការឃោសនារយៈពេលយូរអាចប្រឈមមុខនឹងជាប់ពន្ធនាគារចាប់ពីពេលនេះ។ នៅក្នុងច្បាប់ថ្មីនេះនឹងមានការហាមឃាត់ទៅលើការទាញយក និងការរក្សាទុកមាតិកានៅលើកុំព្យូទ័រដើម្បីទស្សនាវីដេអូដដែលៗនៅលើគេហទំព័រជាច្រើនដូចជា YouTube ជាដើម។ លោកស្រី Rudd និយាយថា “ខ្ញុំចង់​ឱ្យប្រាកដថា អ្នកដែលមើលមាតិការបស់ភេរវករនៅលើអនឡាញរួមមានគេហទំព័ររបស់ពួកជីហាដ ការឃោសនា និងសេចក្តីណែនាំទៅលើការបង្កើតគ្រាប់បែកនឹងប្រឈមមុខនឹងច្បាប់។ ការផ្លាស់ប្តូរនេះនឹងអនុញ្ញាតឱ្យប៉ូលិស និងសេវាកម្មសុវត្ថិភាពរក្សានូវល្បឿននៃការប្រើប្រាស់អ៊ីនធើណែតសម័យទំនើប និងការធ្វើអន្តរាគមន៍ទៅលើការស៊ើបអង្កេតលើប្រព័ន្ធរ៉ាឌីកាល់នៅលើបណ្តាញ”។ លោកស្រី Rudd ក៏អំពាវនាវឱ្យក្រុមហ៊ុនបច្ចេកវិទ្យាធំៗដូចជា Google និង Facebook ធ្វើកិច្ចការបន្ថែមទៀតដើម្បីដោះស្រាយវិបត្តិនៃភាពជ្រុលនិយមតាមប្រព័ន្ធអ៊ីនធើណែត។ លោកស្រីរិះគន់ទៅលើក្រុមហ៊ុនមួយចំនួនដូចជា WhatsApp ចំពោះការអភិវឌ្ឍនូវកម្មវិធីអ៊ីនគ្រីប (Encrypted Software) ដែលរារាំងអាជ្ញាធរពីការស៊ើបអង្កេតសកម្មភាពដែលគួរឱ្យសង្ស័យ។ រដ្ឋាភិបាលក៏បញ្ជាក់ថាការប្រើប្រាស់ End-to-End Encryption អាចរក្សាទុកពីការអានសាររបស់ក្រុមភេរវករ និងឧក្រិដ្ឋកម្ម៕

LEAVE A REPLY

Please enter your comment!
Please enter your name here