មេដឹកនាំចិន និងកូរ៉េខាងត្បូងជួបគ្នាដោយសង្ឃឹមថាអាចដោះស្រាយភាពតានតឹង

0

ប្រភពព័ត៌មានពី ChannelNewsAsia ថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ២០១៧

ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in នឹងចរចាជាមួយលោក ស៊ី ជីនពីង មេដឹកនាំចិននៅទីក្រុងប៉េកាំងនៅថ្ងៃព្រហស្បតិ៍ទី១៤ ខែធ្នូដើម្បីស្តារទំនាក់ទំនងចំពោះបញ្ហាប្រទេសកូរ៉េខាងត្បូងតម្លើងប្រព័ន្ធមីស៊ីលអាមេរិក។ ការិយាល័យរបស់លោក Moon និយាយថាលោកសង្ឃឹមថានឹងមានចំណងទាក់ទងធម្មតាមួយនៅក្នុងដំណើរទស្សនកិច្ចនេះបន្ទាប់ពីទីក្រុងប៉េកាំងខឹងសម្បារដោយការដាក់ពង្រាយប្រព័ន្ធការពារមីស៊ីល (THAAD) កាលពីដើមឆ្នាំនេះដើម្បីការពារប្រទេសកូរ៉េខាងត្បូងប្រឆាំងនឹងការគំរាមកំហែងពីប្រទេសកូរ៉េខាងជើងដែលសាកល្បងកម្មវិធីអាវុធនុយក្លេអ៊ែរ។ ទីក្រុងប៉េកាំងមើលឃើញថាប្រព័ន្ធនេះជាការគំរាមកំហែងដល់សន្តិសុខផ្ទាល់ខ្លួនបន្ទាប់មកប្រទេសចិនក៏ចាប់ផ្តើមវិធានការជាបន្តបន្ទាប់ប្រឆាំងនឹងពាណិជ្ជកម្មរបស់ប្រទេសកូរ៉េខាងត្បូង និងការហាមឃាត់ក្រុមទេសចរធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងត្បូងដែលទង្វើរនេះត្រូវគេមើលឃើញថាជាការសងសឹកទៅលើសេដ្ឋកិច្ច។ លោក Moon នាំយកក្រុមធុរកិច្ចជាច្រើនដែលរួមមាននាយកប្រតិបត្តិក្រុមហ៊ុន Samsung, ក្រុមហ៊ុន Hyundai និងក្រុមហ៊ុន LG សម្រាប់ការធ្វើដំណើរដែលបានចាប់ផ្តើមកាលពីថ្ងៃពុធ និងជាទស្សនកិច្ចលើកដំបូងរបស់គាត់ទៅកាន់ប្រទេសចិនចាប់តាំងពីគាត់ឡើងកាន់តំណែងកាលពីខែឧសភា។ លោក Zhu Feng សាស្ត្រាចារ្យផ្នែកការសិក្សាអន្តរជាតិនៃសាកលវិទ្យាល័យប៉េកាំងនិយាយថា “ដំណើរទស្សនកិច្ចនេះគឺជាសញ្ញាដ៏សំខាន់មួយនៃការធ្វើឱ្យមានលក្ខណៈធម្មតានៃទំនាក់ទំនងទ្វេភាគី”។ កាលពីខែមុននេះ ប្រទេសទាំង២ចេញសេចក្តីថ្លែងការណ៍ដែលមានអត្ថន័យដូចគ្នាទៅនឹងបំណងប្រាថ្នារបស់ពួកគេដើម្បីធ្វើឱ្យទំនាក់ទំនងកាន់តែប្រសើរឡើង។ ពួកគេមិនបញ្ជាក់ព័ត៌មានច្បាស់លាស់ណាមួយទេ ប៉ុន្តែទីក្រុងប៉េកាំងទាមទារឱ្យរដ្ឋាភិបាលក្រុងសេអ៊ូលសន្យាជាផ្លូវការថានឹងមិនដាក់ពង្រាយប្រព័ន្ធការពារមីស៊ីល (THAAD) បន្ថែមទៀត ហើយមិនត្រូវចូលរួមជាមួយប្រព័ន្ធការពារមីស៊ីលជាមួយសហរដ្ឋអាមេរិកក្នុងតំបន់ណាមួយឡើយ។ ប្រទេសចិនក៏ជំរុញឱ្យសហរដ្ឋអាមេរិក ប្រទេសជប៉ុន និងប្រទេសកូរ៉េខាងត្បូងផ្អាកសមយុទ្ធយោធារួមគ្នានៅក្នុងតំបន់នេះផងដែរដើម្បីឆ្លើយតបទៅកាន់ប្រទេសកូរ៉េខាងជើងឱ្យបញ្ឈប់សកម្មភាពនុយក្លេអ៊ែររបស់ខ្លួន ប៉ុន្តែគំនិតរបស់ទីក្រុងប៉េកាំងនេះត្រូវច្រានចោលដោយទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល។ ដំណើរទស្សនកិច្ចរបស់លោក Moon ធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Rex Tillerson និយាយថាក្រុងវ៉ាស៊ីនតោនត្រៀមខ្លួនដើម្បីនិយាយជាមួយប្រទេសកូរ៉េខាងជើងដោយគ្មានលក្ខខណ្ឌ បើទោះបីជាខ្លួនមានបំណងបង្ខំឱ្យទីក្រុងព្យុងយ៉ាងបោះបង់ចោលកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន៕

N-Korea 15-12-17.jpg

LEAVE A REPLY

Please enter your comment!
Please enter your name here