ក្រុមខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណវាយប្រហារដោយគ្រាប់បែកដៃលើកន្លែងយាមល្បាតរបស់សន្តិសុខនៅខេត្ត Kirkuk

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ២០១៧

ប្រភពសន្តិសុខមួយបានប្រាប់សារព័ត៌មាន Baghdad Today ថាខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណបានវាយប្រហារកន្លែងយាមល្បាតរបស់សន្តិសុខនៅកណ្តាលខេត្ត Kirkuk ដោយប្រើប្រាស់គ្រាប់បែកដៃកាលពីថ្ងៃអាទិត្យនេះ។ ប្រភពព័ត៌មានបាននិយាយថាការវាយប្រហារគ្រាប់បែកដៃនេះបានតម្រង់គោលដៅទៅលើកន្លែងយាមល្បាតប៉ូលិសដែលស្ថិតនៅក្នុងសង្កាត់ Teseen ខេត្ត Kirkuk។ ប្រភពដដែលបាននិយាយថាមិនមានតួលេខផ្លូវការណាមួយបញ្ជាក់ពីចំនួនអ្នកស្លាប់ និងរងរបួសនោះទេមកដល់ពេលនេះ។ គួររំលឹកថាកាលពីសបា្ដហ៍មុនមេបញ្ជាការសន្តិសុខខេត្ត Kirkuk បាននិយាយថាខ្លួនបានសម្លាប់សមាជិករដ្ឋអ៊ីស្លាម២នាក់ និងបានចាប់ខ្លួនម្នាក់នៅភាគពាយព្យនៃខេត្តនេះខណៈកងកម្លាំងអ៊ីរ៉ាក់កំពុងបន្តបោសសម្អាត់ក្រុមសកម្មប្រយុទ្ធតូចៗដែលនៅសេសសល់ចេញពីប្រទេសនេះ។ ភាគនិរតីទីក្រុង Hawija នៃខេត្ត Kirkuk គឺជាបន្ទាយដ៏សំខាន់របស់ក្រុមអ្នកប្រយុទ្ធរដ្ឋអ៊ីស្លាម។ នៅទីនោះពួកសកម្មប្រយុទ្ធបានកាន់កាប់ជនស៊ីវិលរាប់ពាន់នាក់ ហើយក៏បានធ្វើការកាប់សម្លាប់មនុស្សរាប់រយនាក់ដែលព្យាយាមរត់គេចខ្លួនចេញពីទីក្រុងដែលពួកគេបានកាន់កាប់ឬក៏ធ្វើការសហការជាមួយកងកម្លាំងសន្តិសុខ៕

Kirkuk 18-12-17

LEAVE A REPLY

Please enter your comment!
Please enter your name here