ប្រភពពត៌មានពី RT ចេញផ្សាយថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ២០១៧
កញ្ចប់ថវិការរដ្ឋាភិបាលអាមេរិកដែលចុះហត្ថលេខាដោយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បម្រុងទុកទឹកប្រាក់ប្រមាណជា៤.៦ពាន់លានដុល្លារសម្រាប់ការពារមីស៊ីលមកពីកូរ៉េខាងជើង និងអ៊ីរ៉ង់ក៏ដូចជាការជួសជុលនាវាពិឃាដ២ដែលខូចខាតដោយការប៉ះទង្គិចជាមួយនាវាជំនួញ។ ក្រៅពីការកាត់បន្ថយពន្ធ និងច្បាប់ការងារលោក ត្រាំ ចុះហត្ថលេខាលើដំណោះស្រាយបន្តមូលនិធិដល់រដ្ឋាភិបាលសហព័ន្ធនៅថ្ងៃទី១៩ខែមករាឆ្នាំក្រោយ។ មុនពេលចាកចេញពីសេតវិមានសម្រាប់ថ្ងៃបុណ្យណូអែលលោក ត្រាំ ចង្អុលបង្ហាញដំណោះស្រាយបន្ដមានរួមបញ្ចូលទឹកប្រាក់ប្រហែល៤ពាន់លានដុល្លារសម្រាប់កម្មវិធីមីស៊ីលការពារជាតិ។ យោងតាមកាសែត The Hill ចុះផ្សាយថាការអនុម័តដោយសភាកាលពីថ្ងៃព្រហស្បតិ៍ទឹកប្រាក់ចំនួន២.៤ពាន់លានដុល្លារសម្រាប់ការផ្គត់ផ្គង់ផ្នែកមីស៊ីល១.៣ពាន់លានដុល្លារសម្រាប់ការស្រាវជ្រាវ និងការអភិវឌ្ឍន៍ រីឯទឹកប្រាក់៤៣លានដុល្លារសម្រាប់ប្រតិបត្តិការ និងការថែរក្សា។ ទឹកប្រាក់២០០លានដុល្លារផ្សេងទៀតសម្រាប់សាងសង់មជ្ឈមណ្ឌលស្ទាក់មីស៊ីលនៅរដ្ឋអាឡាស្កា។ ការបង្កើនការការពារមីស៊ីលគឺជាលក្ខណៈពិសេសមួយនៅក្នុងយុទ្ធសាស្ត្រសន្តិសុខជាតិថ្មីរបស់លោក ត្រាំ ដែលប្រកាសកាលពីដើមសប្តាហ៍នេះ។ យុទ្ធសាស្ត្រការពារមីស៊ីលមានគោលបំណងការពារសហរដ្ឋអាមេរិកប្រឆាំងនឹងការគំរាមកំហែងពីកូរ៉េខាងជើង និងអ៊ីរ៉ង់ហើយមិនមានបំណងធ្វើឱ្យប៉ះពាល់ដល់ស្ថិរភាពយុទ្ធសាស្រ្តឬរំខានដល់ទំនាក់ទំនងជាយុទ្ធសាស្រ្តយូរអង្វែងជាមួយរុស្ស៊ីឬចិននោះទេ៕