ប្រភពព័ត៌មានពី ChannelNewsAsia ថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ២០១៧
ប៉ូលិសម៉ាឡេស៊ីចាប់ខ្លួនជនសង្ស័យភេរវកម្ម២០នាក់ក្នុងនោះមានជនជាតិហ្វីលីពីន៧នាក់ ជនជាតិឥណ្ឌូណេស៊ី៥នាក់ និងជនជាតិអាហ្វ្រិកខាងជើង១នាក់ក្នុងប្រតិបត្តិការជាច្រើននៅទូទាំងរដ្ឋជាច្រើនក្នុងប្រទេសម៉ាឡេស៊ី។ ជនសង្ស័យទាំងនោះរួមមានមេដឹកនាំក្រុមភេរវកម្មជាច្រើននៅក្នុងប្រទេសឥណ្ឌូនេស៊ី និងភាគខាងត្បូងនៃប្រទេសហ្វីលីពីន។ អគ្គស្នងការប៉ូលិសម៉ាឡេស៊ីលោក Mohamad Fuzi Harun និយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រថាជនសង្ស័យទាំងនេះត្រូវគេឃុំឃាំងនៅក្នុងរដ្ឋ Johor, Selangor, Kuala Lumpur និង Sabah នៅចន្លោះថ្ងៃទី៣០ ខែវិច្ឆិកា និងថ្ងៃទី១៥ ខែធ្នូ។ ជនសង្ស័យ១៦នាក់កំពុងព្យាយាមជ្រៀតចូល និងចូលរួមក្រុមភេរវកម្មនៅភាគខាងត្បូងប្រទេសហ្វីលីពីន។ ការចាប់ខ្លួនទាំងនេះកើតឡើងបន្ទាប់ពីការព្រមានមុនៗថាមីនដាណាវគឺជាតំបន់ជ្រុលនិយមថ្មីសម្រាប់ពួកសកម្មប្រយុទ្ធខណៈដែលក្រុមរដ្ឋអ៊ីស្លាម IS បាត់បង់ទឹកដីរបស់ខ្លួននៅមជ្ឈឹមបូព៌ា។ លោក Fuzi ប្រាប់សារព័ត៌មាន Channel NewsAsia នៅក្នុងបទសម្ភាសន៍តាមទូរស័ព្ទមួយថា “នោះគឺជាលទ្ធភាពមួយ (មីនដាណាវគឺជាតំបន់ជីហាដថ្មី) ពីព្រោះក្រុម IS កំពុងស្វែងរកតំបន់ថ្មីៗ។ មីនដាណាវគឺជាជម្រើសមួយសម្រាប់ពួកគេ។ យើងធ្លាប់និយាយពីរឿងនេះពីមុនរួចមកហើយ”។ គួរបញ្ជាក់ផងដែរថាជនសង្ស័យភាគច្រើនមានគម្រោងនឹងចូលរួមជាមួយក្រុម Abu Sayyaf នៅមីនដាណាវ។ ពួកគេចង់ទៅភាគខាងត្បូងប្រទេសហ្វីលីពីនដើម្បីចូលរួមជាមួយក្រុម Abu Sayyaf ដើម្បីចូលរួមជាផ្នែកមួយនៃក្រុមជីហាដ៕