អង្គការសហប្រជាជាតិដាក់ទណ្ឌកម្មថ្មីជាច្រើនទៅលើប្រទេសកូរ៉េខាងជើងតាមរយៈការរឹតបន្តឹងការផ្គត់ផ្គង់ប្រេង

0

ប្រភពព័ត៌មានពី ChannelNewsAsia ថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ២០១៧

ដោយមានការគាំទ្រពីប្រទេសចិនក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃសុក្រនេះដាក់ទណ្ឌកម្មថ្មីជាច្រើនទៀតទៅលើប្រទេសកូរ៉េខាងជើងដែលនឹងរឹតត្បិតការផ្គត់ផ្គង់ប្រេងដ៏សំខាន់សម្រាប់កម្មវិធីមីស៊ីល និងកម្មវិធីនុយក្លេអ៊ែររបស់ក្រុងព្យុងយ៉ាង។ ក្រុមប្រឹក្សានេះអនុម័តជាឯកច្ឆ័ន្ទនូវដំណោះស្រាយដែលព្រាងឡើងដោយសហរដ្ឋអាមេរិកក្នុងការបញ្ជាឱ្យធ្វើមាតុភូមិនិវត្តន៍របស់ពលករកូរ៉េខាងជើងនៅបរទេស និងរកប្រាក់ចំណូលសម្រាប់របបរបស់លោក គីម ជុងអ៊ុន។ វាគឺជាការដាក់ទណ្ឌកម្មលើកទី៣ហើយសម្រាប់ប្រទេសកូរ៉េខាងជើងនៅឆ្នាំនេះ បន្ទាប់ពីសហរដ្ឋអាមេរិក និងកូរ៉េខាងជើងមិនបង្ហាញសញ្ញាថាពួកគេនឹងចូលរួមនៅក្នុងកិច្ចពិភាក្សាដើម្បីបញ្ចប់វិបត្តិនៅលើឧបទ្វីបកូរ៉េនេះ។ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃសុក្រនេះក៏សាទរចំពោះទង្វើនេះដោយនិយាយថាសហគមន៍អន្តរជាតិកំពុងជំរុញសន្តិភាពជាមួយរបបដែលដាច់ស្រយាលនេះ។ “ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទើបតែបោះឆ្នោត ១៥-០ ដើម្បីគាំទ្រការដាក់ទណ្ឌកម្មថ្មីថែមទៀតទៅលើប្រទេសកូរ៉េខាងជើង។ ពិភពលោកចង់បានសន្តិភាពមិនមែនការស្លាប់នោះទេ!” នេះបើតាមការបង្ហោះរបស់លោក ត្រាំ។ ដំណោះស្រាយនេះហាមប្រាមការផ្គត់ផ្គង់ប្រមាណជា៧៥ភាគរយនៃផលិតផលចម្រាញ់ប្រេងទៅឱ្យប្រទេសកូរ៉េខាងជើង ហើយវាមានការដាក់កម្រិតទៅលើការដឹកជញ្ជូនប្រេងឆៅ និងការបញ្ជាឱ្យធ្វើមាតុភូមិនិវត្តន៍របស់ជនជាតិកូរ៉េខាងជើងទាំងអស់ដែលកំពុងធ្វើការនៅបរទេសនៅចុងឆ្នាំ២០១៩ខាងមុខនេះ។ សហរដ្ឋអាមេរិកក៏ដាក់ចេញនូវសេចក្តីព្រាងច្បាប់នេះកាលពីថ្ងៃព្រហស្បតិ៍បន្ទាប់ពីកិច្ចចរចាជាមួយប្រទេសចិនដែលជាសម្ព័ន្ធមិត្ត និងជាក្រុមហ៊ុនផ្គត់ផ្គង់ប្រេងសំខាន់របស់ទីក្រុងព្យុងយ៉ាងផងដែរ។ លោក Nikki Haley ឯកអគ្គរដ្ឋទូតអាមេរិកនិយាយថាការដាក់ទណ្ឌកម្មថ្មីនេះគឺជាការឆ្លុះបញ្ចាំងពីកំហឹងរបស់អន្តរជាតិចំពោះសកម្មភាពរបស់លោក គីម។ ដំណោះស្រាយនេះគឺជាការ “ផ្ញើសារច្បាស់លាស់ទៅកាន់ក្រុងព្យុងយ៉ាងអំពីការដាក់ទណ្ឌកម្មបន្ថែមទៀត”។ វិធានការណ៍នេះគឺជាការឆ្លើយតបទៅនឹងការសាកល្បងមីស៊ីលឆ្លងទ្វីបរបស់កូរ៉េខាងជើង (ICBM) នៅថ្ងៃទី២៨ ខែវិច្ឆិកា។ លោក ត្រាំ ក៏គំរាមកំហែងក្នុងការ “បំផ្លាញទាំងស្រុង” ទៅលើប្រទេសកូរ៉េខាងជើងប្រសិនបើប្រទេសនេះវាយប្រហារសហរដ្ឋអាមេរិក ខណៈដែលប្រទេសកូរ៉េខាងជើងទទូចថាបច្ចុប្បន្ននេះពិភពលោកត្រូវតែទទួលស្គាល់ថាប្រទេសកូរ៉េខាងជើងគឺជាកន្លែងថាមពលនុយក្លេអ៊ែរ។ កាលពីខែមុន​លោក ត្រាំ ស្នើសុំឱ្យលោក ស៊ីជីនពីង កាត់បន្ថយប្រេងទៅឱ្យប្រទេសកូរ៉េខាងជើងដែលជាវិធានការណ៍មួយធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រទេសនេះជួបបញ្ហា។ សេចក្តីថ្លែងការណ៍មួយនិយាយថាប្រសិនបើប្រទេសកូរ៉េខាងជើងអនុវត្តការសាកល្បងនុយក្លេអ៊ែរ ឬ ICBM មួយផ្សេងទៀតនោះក្រុមប្រឹក្សាសន្តិសុខនឹងចាត់វិធានការដើម្បីរឹតបន្តឹងការនាំចេញប្រេងទៅកាន់កូរ៉េខាងជើងកាន់តែខ្លាំង៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here