ប្រភពពត៌មានពី RT ចេញផ្សាយថ្ងៃទី ០២ ខែ មករា ឆ្នាំ២០១៨
យោធាម្នាក់និយាយថាសមាជិកទាហានសហរដ្ឋអាមេរិកម្នាក់ស្លាប់ និង៤នាក់រងរបួសនៅក្នុងអំឡុងពេលចូលរួមប្រយុទ្ធនៅក្នុងខេត្ត Nangarhar ប្រទេសអាហ្វហ្គានីស្ថានកាលថ្ងៃចូលឆ្នាំថ្មី។ ឧត្តមសេនីយ៍ John Nicholson មេបញ្ជាការកងទ័ពអាមេរិកឈរជើងនៅអាហ្វហ្គានីស្ថាននិយាយថា “យើងមានការសោកស្តាយយ៉ាងខ្លាំងដោយការបាត់បង់សមាជិកយើងផ្ទាល់”។ នៅគ្រាដ៏លំបាកនេះ ខ្ញុំមានការអាណិតអាសូរយ៉ាងជ្រាលជ្រៅដល់គ្រួសារ និងមិត្តភក្តិរបស់បងប្អូនដែលស្លាប់ និងរបួសរបស់យើង”។ លោកឧត្តមសេនីយ៍និយាយថាទាហាន២នាក់រងរបួសវិលត្រលប់មកបំពេញកាតព្វកិច្ចរួច ហើយខណៈដែល២នាក់ទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យដែលពួកគេមានស្ថិរភាព។ បន្ទាប់ពីមានការផ្លាស់ប្ដូរគោលនយោបាយនៅខែកក្កដាឆ្នាំ២០១៧កងកម្លាំងសហរដ្ឋអាមេរិកនៅអាហ្វហ្គានីស្ថានពន្យារពេលផ្តល់របាយការណ៍ពីជនរងគ្រោះដោយរង់ចាំការជូនដំណឹងដល់ក្រុមគ្រួសារ។ ពេលនេះត្រូវចំណាយពេលច្រើនថ្ងៃដើម្បីបង្ហាញឈ្មោះអ្នកស្លាប់ជាសាធារណៈ។ ឧបទ្ទវហេតុនេះកើតឡើងនៅក្នុងទីក្រុង Achin ដែលជាមូលដ្ឋានរដ្ឋឥស្លាម (ISIS/ISIL) ដ៏រឹងមាំនៅអាហ្វហ្គានីស្ថាន។ ឧត្តមសេនីយ៍ Nicholson បញ្ជាឱ្យប្រើប្រាស់គ្រាប់បែកបាម៉ាណូ (MOAB) កាលពីខែមេសាប្រឆាំងក្រុម IS នៅក្រុង Achin៕
