ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១៥ ខែ មករា ឆ្នាំ២០១៨
បុរសជនជាតិប៉ាឡេស្ទីនម្នាក់ត្រូវកងទ័ពអ៊ីស្រាអែលបាញ់សម្លាប់ក្នុងពេលប៉ះទង្គិចនៅតំបន់ West Bank។ ហេតុការណ៍នេះកើតឡើងនៅថ្ងៃចន្ទ នេះបើយោងតាមសេចក្តីរាយការណ៍របស់ក្រសួងសុខាភិបាលប៉ាឡេស្ទីនដកស្រង់ដោយកាសែត The Times of Israel។ ក្រសួងសុខាភិបាលនិយាយថាគេបាញ់លោក Muhammad Ahmed Saleem ខណៈដែលគាត់ចូលរួមតវ៉ានៅក្នុងភូមិ Jayyous ជិតទីក្រុង Qalqilya។ យោងតាមប្រភពគេហទំព័រ Wafa ផ្លូវការរបស់ប៉ាឡេស្ទីនបញ្ជាក់ឲ្យឱ្យដឹងថាក្មេងប្រុសអាយុ២៤ឆ្នាំនេះត្រូវគេបាញ់សម្លាប់។ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បញ្ជាក់ថាកងទ័ពបើកការបាញ់ប្រហារ ប៉ុន្តែមិនអាចបញ្ជាក់អំពីការស្លាប់របស់ Saleem។ យោងតាមទីភ្នាក់ងារ Reuters បន្ថែមថាភាពតានតឹងនៅក្នុងតំបន់បានកើនឡើងកាន់តែខ្លាំងក្រោយពេលមានការសម្រេចចិត្តរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដែលទទួលស្គាល់ក្រុងយេរូសាឡឹមថាជារដ្ឋធានីនៃប្រទេសអ៊ីស្រាអែល ហើយកត្តានេះបណ្តាលឱ្យមានការតវ៉ាជាហេតុនាំឲ្យប្រជាជនប៉ាឡេស្ទីន១៨នាក់ និងអ៊ីស្រាអែល១នាក់ស្លាប់៕
